កូនក្រមុំចិត្តសឿង ទោះកូនកំលោះរត់ចោលរោងការជាង ២០ គីឡូ ក៏អូសមកការវិញទាល់តែបាន
រឿងរ៉ាវហួសចិត្តមួយបានកើតឡើងពេញប្រព័ន្ធអ៊ីនធឺណេត ក្រោយសារព័ត៌មាន India Today បានចុះផ្សាយពីករណីកូនក្រមុំមានចិត្តអង់អាចក្លាហាន បើទោះបីកូនកំលោះមិនចង់រៀបការ ហើយរត់ចោលរោងការក្ដី ក៏នាងសុខចិត្តធ្វើដំណើរ ២០ គីឡូតាមរកទាល់តែឃើញហើយនាំយកមករៀបការវិញទាល់បាន។
ហេតុការណ៍មួយនេះបានផ្ទុះឡើងកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្នុងក្រុង Bareilly ខេត្ត Uttar Pradesh ប្រទេសឥណ្ឌា។ ដោយតាមការចុះផ្សាយបានរៀបរាប់ថា៖ «នារីជាកូនក្រមុំ និងកូនកំលោះ បានស្គាល់គ្នា ២ ឆ្នាំហើយ ហើយគ្រួសារទាំងពីរក៏បានផ្សំផ្គុំឱ្យរៀបការជាមួយគ្នា។ លុះដល់ថ្ងៃធ្វើពិធី ស្រាប់តែកូនកំលោះប្តូរចិត្តលែងចង់រៀបការវិញ ហើយក៏លួចរត់ចោលពិធី»។
«ពេលកូនក្រមុំដឹងរឿង នាងក៏មិនបង្អង់យូរដេញតាម ទាំងឈុតកូនក្រមុំ ដោយធ្វើដំណើរតាមរកជាង ២០ គីឡូ ទីបំផុតនាងក៏បានរកឃើញកូនកំលោះ នៅស្ថានីយ៍ឡានក្រុងមួយកន្លែងស្ថិតនៅឯជាយក្រុង។ ហើយអ្នកទាំងពីរបានឈ្លោះប្រកែកគ្នាជាង ២ ម៉ោង ទម្រាំកូនកំលោះព្រមត្រលប់មកវិញ»។
ដោយកូនកំលោះបានបង្ហើបថា៖ «មូលហេតុដែលគេរត់ចោលពិធី ព្រោះតែគិតថាខ្លួនមិនទាន់ចង់មានគ្រួសារ ចង់មានសេរីភាព ហើយមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ»។ ចំណែកកូនក្រមុំនាងបញ្ជាក់ថា៖ «នាងត្រៀមខ្លួនរួចហើយក្នុងការធ្វើជាភរិយា ហើយគ្រប់យ៉ាងក៏បានរៀបចំរួចអស់ ដោយនាងមិនចង់មានឈ្មោះជាមេម៉ាយខាន់ស្លានោះឡើយ ម្យ៉ាងនាងក៏ស្រឡាញ់កូនកំលោះខ្លាំង ហេតុដូចនេះគាត់ត្រូវតែរៀបការជាមួយនាង»៕