ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ កាន់ឆត្រលោតពីលើអគារជាន់ទី ២៦ ដោយសារធ្វើតាមតុក្កតា Tom និង Jerry
រឿងរ៉ាវភ្ញាក់ផ្អើលមួយកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្ដាញសង្គម Weibo ជាពិសេសពីសំណាក់ឪពុកម្ដាយ ដែលមានកូនតូចៗក្នុងបន្ទុក ក្រោយមានករណីក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់យកឆត្រលោតពីអគារជាន់ទី ២៦ ព្រោះតែមើលគំរូតាមតុក្កតា Tom & Jerry។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯទីក្រុង Jishou ខេត្ត Hunan ប្រទេសចិន នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ដោយតាមការរៀបរាប់បានឱ្យដឹងថា ឪពុកម្ដាយរបស់ក្មេងប្រុសនេះ ភាគច្រើនទៅធ្វើការបាត់ៗ ហើយទុកឱ្យរូបគេ និងបងស្រីនៅក្រោមការមើលថែរបស់ជីដូន។
លុះនៅថ្ងៃកើតហេតុ អំឡុងពេលជីដូនចេញទៅយកបងស្រីពីសាលារៀន ហើយទុកឱ្យនៅចាំផ្ទះម្នាក់ឯង ស្រាប់តែរូបគេបែកគំនិតយកឆ័ត្រមកលោតលេងពីលើរានហាលជាន់ទី ២៦ នៃអគារ ដោយមូលហេតុគឺយល់ច្រឡំស្មានថាមិនអី ព្រោះតែឃើញតុក្កតា Tom & Jerry ធ្វើ។
ជាសំណាងល្អ រូបក្មេងប្រុសនេះ មានទម្ងន់ស្រាល ហើយនៅខាងក្រោមអគារមានដើមឈើធំខ្ពស់ និង មានស្មៅក្រាស់ មានគុម្ពផ្កាច្រើន ដែលធ្វើឱ្យរូបគេធ្លាក់មកទើ ត្រូវរបួសខាងដៃស្ដាំធ្ងន់បន្ដិច តែមិនដល់ថ្នាក់បាត់បង់ជីវិត។ អ្នកដែលធ្វើដំណើរឆ្លងកាត់ទីនោះ បានហៅឡានសង្គ្រោះមកនាំក្មេងទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាល ហើយក៏បានប្រាប់ដំណឹងដល់សាច់ញាតិរបស់គេផងដែរ៕