
លក់ត្រីដុតយូរ បែកគំនិតថ្មី ធ្វើសាប៊ូក្លិនត្រីដុតលក់ មហាជនផ្ទុះការចាប់អារម្មណ៍លាន់
ថ្មីៗនេះ បណ្តាញសង្គមថៃកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ទៅលើម្ចាស់ហាងត្រីដុតម្នាក់ ដែលបែកគំនិតថ្មីបង្កើតសាប៊ូក្លិនត្រីដុត ដែលមិនធ្លាប់មានពីមុនមក។
ម្ចាស់ហាងបានឱ្យដឹងថា ខ្លួនជាអ្នកលក់ត្រីដុតម្នាក់ តែក្រោយមកក៏នឹកឃើញទៅផលិតទឹកអប់លក់ មើលទៅក៏លក់ដាច់មានអ្នកចូលចិត្តច្រើន ទើបនឹកឃើញទៅផលិតសាប៊ូលក់តទៀត ដែលសាប៊ូជាសាប៊ូមានក្លិនត្រីដុត។
ក្នុងនោះ មហាជនជាច្រើនសង្ស័យថា តើសាប៊ូនេះធុំក្លិនត្រីដុតឬយ៉ាងណា ធុំក្លិនខ្លោចឬទេ ម្ចាស់ហាងក៏បានឱ្យដឹងថា តាមពិតទៅវាមិនមែនជាសាប៊ូក្លិនត្រីដុតនោះទេ តែវាជាសាប៊ូដែលផ្សំឡើងពីគ្រឿងគ្រៅ ដែលខ្លួនយកទៅផ្សំក្នុងការដុតត្រីនោះឯង ដែលមានដូចជាស្លឹកគ្រៃ រំដេង ល្មៀត និង អំពិល ជាដើម។ ម្យ៉ាងដែលហៅខ្លួនបានដាក់ឈ្មោះសាប៊ូក្លិនត្រីដុតបែបនេះ ព្រោះតែត្រូវជាមួយនឹងឈ្មោះហាង ហើយស្តាប់ទៅវាប្លែកពីគេ ព្រមទាំងអាចធ្វើឱ្យឆាប់ចាប់អារម្មណ៍ផងដែរ។
យ៉ាងណាមិញ មកទល់ពេលនេះ សាប៊ូក្លិនត្រីនេះ កំពុងតែត្រូវមហាជនជាច្រើនចាប់អារម្មណ៍ទិញ ព្រោះក្រៅពីមានឈ្មោះប្លែកហើយ នៅក្នុងសាប៊ូនោះក៏មានរូបត្រីតូចៗ ដែលអាចយកមកលេងនៅពេលដុះអស់ទៀតផង៕