ចំណាំទុកអ្នកនៅខាងកំបូល! ថ្ងៃ ៤ មិថុនា ក្រុមគ្រូពេទ្យ TYDA មានកម្មវិធីពិនិត្យ និង ព្យាបាលជំងឺទូទៅឥតគិតថ្លៃ
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខណ្ឌកំបូល បានប្រកាសជូនដំណឹងាថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ (TYDA) នឹងមានកម្មវិធីពិនិត្យ និង ព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ និង កម្មករ កម្មការិនី ក្នុងភូមិសាស្រ្តខណ្ឌកំបូល នៃរាជធានីភ្នំពេញ។
យោងតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នឹងរៀបចំកម្មវិធីពិនិត្យ និង ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និង កម្មករ កម្មការិនី នៅក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ស្ថិតក្នុងបរិវេណសាលាវិទ្យាល័យបឹងធំ ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ប្រភេទជំងឺដូចជា ៖
១. ជំងឺទូទៅ
២. ជំងឺភ្នែក
៣. ជំងឺត្រចៀក ច្រមុះ បំពង់ក
៤. ជំងឺសើស្បែក
៥. ជំងឺក្រពះ ពោះវៀន និង ឫសដូងបាត
៦. ពិនិត្យឈាម
៧. អេកូទូទៅ អេកូពោះ អេកូផ្ទៃពោះ
៨. ជំងឺបេះដូង
៩. ជំងឺវះកាត់តូច
១០. ព្យាបាលជំងឺសន្លាក់
១១. ពិនិត្យ និង ព្យាបាលជំងឺមាត់ធ្មេញ
១២. មានថត X-ray សួត និង ឆ្អឹង
១៣. ជំងឺផ្សេងៗ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព និង ជំងឺដូចដែលមានក្នុងសេចក្ដីជូនដំណឹង អាចអញ្ជើញទៅពិនិត្យ និង ព្យាបាលជំងឺបានដោយឥតគិតថ្លៃ ដោយអញ្ជើញទៅដល់ទីតាំងនៅម៉ោង ៦ ព្រឹកជាកំណត់៕
រូបភាពដោយ ៖ TYDA សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ