កក្រើកទៀតហើយ! កីឡដ្ឋានជាតិមរតកតេជោ កំពុងរៀបចំតុបតែងជាថ្មី ត្រៀមបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នេះ យោងតាមក្រសួងព័ត៌មាន ក៏ដូចហ្វេសប៊ុកផេក Cambodia 2023 បានបង្ហាញឱ្យឃើញថា ពេលនេះពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងតែរៀបចំតុបតែងលម្អជាថ្មីម្ដងទៀតសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលនឹងចាប់ផ្ដើមនៅដើមខែមិថុនា ខាងមុខនេះ។
ក្រោយពីព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង បានបញ្ចប់ទៅដោយជោគជ័យ និង មោទកភាព កម្ពុជាជាថ្មីម្ដងទៀតក៏ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលជាធម្មតាតែងប្រារព្ធធ្វើឡើងក្រោយពេលស៊ីហ្គេមបានបញ្ចប់ និង ធ្វើឡើងរយៈពេល ២ ឆ្នាំម្ដងដូចស៊ីហ្គេមដែរ។
ជាក់ស្ដែង ក្រសួងព័ត៌មានបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ប្រាកដណាស់ថាកម្ពុជានឹងធ្វើឱ្យបានល្អ មានភាពល្អិតល្អន់ និង ច្បាស់លាស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះក្លាយជាបទពិសោធដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត និង មិនអាចបំភ្លេចបានសម្រាប់ទាំងអស់គ្នា។
គួរបញ្ជាក់ដែរ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នឹងចាប់ផ្ដើមពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយគិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នេះគឺនៅសល់តែ ៩ ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ហើយ៕
រូបភាពដោយ ៖ Cambodia 2023