គោកើតកូន សប្បាយចិត្តពេកជួលអកកេស រៀបចំជប់លៀងឱ្យ គគ្រឹកគគ្រេងផ្អើលភូមិ
ថ្មីៗនេះ មានរឿងរ៉ាវមួយនៅថៃ ដែលម្ចាស់សប្បាយចិត្ត ដល់ថ្នាក់ជួលអកកេសមកលេងផ្អើលភូមិ ព្រោះតែគោរបស់ខ្លួនកើតកូនដំបូង បានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមអស់សំណើចហួសចិត្តជាខ្លាំង។
ម្ចាស់គោរូបនេះ ជាអ្នកខេត្តអុដនថានី បានឱ្យដឹងថាខ្លួនធ្លាប់ចិញ្ចឹមគោមកជាច្រើនក្បាលមកហើយ តែមានគោមេមួយក្បាលជាសំណព្វចិត្ត ជាពូជអាមេរិក ដែលខ្លួនបានទិញមកក្នុងតម្លៃ ១ ម៉ឺនដុល្លារឯណោះ។ ដល់អាយុ ២ ឆ្នាំកន្លះ គោមួយក្បាលនេះ ក៏កើតបានកូនមួយក្បាល ជាញីដូចគ្នា ហើយខ្លួនក៏ដាក់ឈ្មោះឱ្យកូនគោនេះថា «Renny»។
យ៉ាងណាមិញ ដោយសារតែសប្បាយចិត្ត ដែលគោសំណព្វកើតកូនដំបូង កើតបានញីទៀត ដែលធ្វើឱ្យអាចបង្កាត់ពូជលក់បានបន្ត ទើបខ្លួនសប្បាយចិត្តជាខ្លាំងណាស់ ក៏បានសម្រេចចិត្តរៀបចំពិធីខួបកំណើតឱ្យកូនគោ «Renny» នេះតែម្តង ដោយបានហៅញាតិមិត្តក្នុងស្រុកក្នុងភូមិ អ្នកដែលចិញ្ចឹមគោចិញ្ចឹមសត្វឱ្យមកចូលរួម។ លើសពីនេះទៅទៀត ថែមទាំងបានជួលវង់អកកេសក្នុងភូមិឱ្យមកលេងក្នុងពិធីទៀតផង ពោលគឺធ្វើឱ្យអធឹកអធ័មមិនចាញ់ខួបកំណើតមនុស្សនោះទេ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម ឃើញហើយអស់សំណើចមិនតិចឡើយ ឯម្ចាស់វង់អកកេសវិញក៏ហួសចិត្តអស់សំណើចមិនចាញ់គ្នាដែរ ព្រមទាំងទម្លាយថា បង្កើតវង់មកបាន ៦ ឆ្នាំហើយ មិនដែលទទួលពិធីបែបនេះឡើយ តែយ៉ាងក៏ដោយក៏ឆ្លៀតជូនពរឱ្យកូនគោសុខភាពល្អ ថ្ងៃអនាគតបង្កាត់ពូជឱ្យបានច្រើនៗផងដែរ៕