ក្ដៅៗ! ប្រធានអង្គការសុខភាពពិភពលោក ព្រមានឱ្យត្រៀមឱ្យហើយ បើសិនមានជំងឺរាតត្បាតបន្ទាប់ ដែលអាចធ្ងន់ធ្ងរជាងកូវីដ-១៩
នាពេលថ្មីៗនេះ ក្នុងអំឡុងពេលកិច្ចប្រជុំនៃមហាសន្និបាតសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បានព្រមានឱ្យមានការត្រៀមខ្លួនទុកជាមុន សម្រាប់ជំងឺរាតត្បាតបន្ទាប់ ដែលអាចនឹងមានធ្ងន់ធ្ងរជាងកូវីដ-១៩ ដោយលោកបានលើកឡើងថា ៖ «កូវីដនៅតែជាការគំរាមកំហែងមួយ ប៉ុន្តែមិនមែនជារឿងតែមួយគត់ ដែលយើងត្រូវប្រឈមមុខនោះទេ។ ការគំរាមកំហែងនៃការប្រែប្រួលមួយផ្សេងទៀតដែលនឹងកើតឡើង និង បណ្តាលឱ្យមានការកើនឡើងថ្មីនៃជំងឺ និង ការស្លាប់នៅតែអាចមាន ហើយការគំរាមកំហែងនៃភ្នាក់ងារបង្កជំងឺផ្សេងទៀត នៅតែអាចលេចឡើងនៅពេលណាមួយ»។
យោងតាមតួលេខរបស់ WHO បានឱ្យដឹងថា មនុស្សជាង ៦.៩ លាននាក់ នៅទូទាំងពិភពលោកបានស្លាប់ ដោយសារកូវីដ-១៩ ហើយលោក Tedros ក៏បានកត់សម្គាល់ដែរពីជំងឺរាតត្បាតកូវីដ-១៩ ដោយបានបង្ហាញថា ៖ «ជាទូទៅមនុស្សគ្រប់រូបនៅលើភពផែនដីត្រូវតែការពារខ្លួនឱ្យកាន់តែប្រសើរ ដោយយើងមិនអាចប្រាសចាកពីវិធីនេះឡើយ។ ប្រសិនបើយើងមិនធ្វើឥឡូវនេះ តើនៅពេលណា? នៅពេលដែលជំងឺរាតត្បាតបន្ទាប់នឹងមកដល់? យើងត្រូវតែត្រៀមខ្លួនឱ្យរួចជាស្រេច ដើម្បីការពារបញ្ហាទាំងអស់នោះ»។
លើសពីនេះទៅទៀតលោកបានបន្ថែមថា ៖ «ដើម្បីរក្សាពិភពលោកឱ្យកាន់តែមានសុវត្ថិភាព រដ្ឋសមាជិកចំនួន ១៩៤ កំពុងតែធ្វើការលើកិច្ចព្រមព្រៀងជំងឺរាតត្បាតសកល ដោយនឹងមានការចរចាបន្តនៅឆ្នាំក្រោយ ហើយនេះជារឿងល្អមួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចព្រមព្រៀងជំងឺរាតត្បាត ដែលជាការប្តេជ្ញាចិត្តមួយធ្វើឱ្យប្រាកដថាយើងនឹងមិនត្រលប់ទៅពេល ដែលមានការភ័យស្លន់ស្លោ និង មានការធ្វេសប្រហែស បណ្ដាលឱ្យពិភពលោករងគ្រោះទៀតទេ ប៉ុន្តែត្រូវបន្តទៅមុខជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរួមគ្នា»។
យ៉ាងណាមិញ កាលពីឆ្នាំ ២០២២ កន្លងទៅសេចក្ដីរាយការណ៍មួយរបស់ «60 Minutes» បានលើកឡើងថា កាលពីឆ្នាំ ២០០៩ អ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញមេរោគថ្មីជាង ៩០០ ប្រភេទ ដែលជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយកើតចេញពីការទន្ទ្រានរបស់មនុស្សលើជម្រកធម្មជាតិរបស់ប្រចៀវ ហើយអ្នកជំនាញក៏បានព្រមានថា ការជួបប្រទះបែបនេះបង្កើនហានិភ័យនៃការចម្លងមេរោគពីសត្វប្រចៀវទៅមនុស្ស ដែលអាចបង្កឱ្យមានជំងឺរាតត្បាតនាពេលអនាគត។
ជាមួយគ្នានោះដែរ លោក Ryan McNeill នាយករងផ្នែកសារព័ត៌មានទិន្នន័យនៅ Reuters បានលើកឡើងថា ៖ «មនុស្សជាង ១ ពាន់លាននាក់កំពុងប្រឈមនឹងហានិភ័យដោយសារតែ ការប្រយុទ្ធរវាងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និង ធម្មជាតិ ដោយនៅអាហ្រ្វិកខាងលិច មានមនុស្សម្នាក់ក្នុងចំណោម ៥ នាក់ កំពុងតែរស់នៅក្នុងតំបន់មានហានិភ័យខ្ពស់ ពោលគឺជាតំបន់ ដែលមានលទ្ធភាពខ្ពស់បំផុតនៃមេរោគពីប្រចៀវមកមនុស្ស ខណៈដែលផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ក៏ជាតំបន់ ដែលត្រូវព្រួយបារម្ភផងដែរ។ ចំណែកឯអាមេរិកខាងត្បូងវិញ ការកាប់បំផ្លាញព្រៃឈើបានបង្កើតតំបន់ ដែលមានហានិភ័យខ្ពស់ជាងកន្លែងផ្សេងទៀតក្នុងពិភពលោក»។ ទន្ទឹមនឹងនេះ លោក McNeill ក៏បានបន្តទៀតថា ៖ «ការភ័យខ្លាចរបស់អ្នកវិទ្យាសាស្ត្រគឺ តំបន់ដែលគេមិនដឹង អាចជាតំបន់មួយ ដែលបង្កជំងឺរាតត្បាតបន្ទាប់»។
គួរបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការស្រាវជ្រាវអំពីជំងឺឆ្លងជាក់លាក់មួយចំនួនតូច ហើយបានកត់សម្គាល់មេរោគទាំងនោះរួមមាន Ebola, Marburg, គ្រុនក្តៅ Lassa, មេរោគ Nipah និង Zika ដែលបង្កឱ្យមានសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរបំផុត ដោយសារតែទំហំនៃការឆ្លងរីករាលដាលរបស់វា៕
ប្រភព ៖ CBS News