លែងដូចមុនហើយ! Netflix ចាប់ផ្ដើមគោលការណ៍ថ្មី តម្រូវឱ្យបង់ថ្លៃថែម ចំពោះអ្នកចែកគណនីគ្នាប្រើ
កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុន Netflix បានប្រកាសពីគោលការណ៍ថ្មីលើអ្នកចែករំលែកគណនីគ្នាប្រើ នៅសហរដ្ឋអាមេរិក និង ជាង ១០០ ប្រទេសផ្សេងទៀត ដោយសង្កត់បញ្ជាក់ថា គណនីមួយមិនអាចចែកឱ្យប្រើហ្វ្រីក្រៅពីអ្នកក្នុងផ្ទះជាមួយគ្នានោះទេ។
តាមការបញ្ជាក់ពីក្រុមហ៊ុនបានឱ្យដឹងថា ពួកគេបានផ្ញើអ៊ីម៉ែលពាក់ព័ន្ធនឹងការចែកគណនីគ្នាប្រើនេះ ដល់អតិថិជននៅប្រទេស និង ដែនដីចំនួន ១០៣ ក្នុងនោះរួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី សិង្ហបុរី និង ប្រេស៊ីល។
ក្នុងអ៊ីម៉ែល បានបញ្ជាក់ថា គណនី Netflix គឺប្រើប្រាស់បានត្រឹមទីតាំងក្នុងផ្ទះតែមួយប៉ុណ្ណោះ ហើយចំពោះអ្នកដែលចង់ចែកគណនីដល់សមាជិកផ្សេងនៅទីតាំងផ្សេង គឺតម្រូវឱ្យបង់ថ្លៃប្រាក់បន្ថែម ដូចនៅសហរដ្ឋអាមេរិក ថ្លៃបង់បន្ថែមគឺចំនួន ៨ ដុល្លារក្នុងមួយខែ៕