ចង់ក្មេងជាងវ័យ សេដ្ឋីម្នាក់ថាបានយកឈាមកូនប្រុសខ្លួនឯងចាក់ចូលខ្លួន ដើម្បីថែសម្រស់កុំឱ្យចាស់
សេដ្ឋីបច្ចេកវិទ្យាម្នាក់ ដែលកំពុងផ្ទុះល្បីរឿងចំណាយលុយ ២ លានដុល្លារ លើការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យនោះ ពេលនេះកំពុងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មី នៅពេលរូបលោកបានទម្លាយថា លោកបានប្រើប្រាស់ឈាមកូនប្រុសជំទង់របស់លោក ចាក់បញ្ចូលខ្លួន ដែលជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រផ្សេងទៀតនៃការរក្សាសម្រស់។
សេដ្ឋី Bryan Johnson ដែលជាសេដ្ឋីមួយរូប ល្បីល្បាញក្នុងការចំណាយប្រាក់រាប់លានដុល្លាររាល់ឆ្នាំ លើការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យនោះ បាននឹងកំពុងវិវដ្តដំណើរការថែរក្សាសម្រស់របស់លោកទៅមួយកម្រិតទៀត ដោយប្រើប្រាស់ឈាម។ កាលពីមុន រូបលោកធ្លាប់បានទទួលការបញ្ចូលឈាមពីអ្នកបរិច្ចាគដែលមានសុខភាពមាំទាំល្អម្នាក់ ប៉ុន្តែឥលូវនេះ លោកងាកមករកគ្រួសារ ដោយទទួលបានការបរិច្ចាគប្លាស្មាពីឪពុកវ័យ ៧០ ឆ្នាំ និង កូនប្រុសវ័យ ១៧ ឆ្នាំរបស់លោក។ ការចាក់បញ្ចូលឈាមពីកូននេះដែរ គឺក្នុងបំណងជួសជុលកោសិកាដែលខូចខាតដោយដំណើរនៃភាពចាស់ ដោយជំនួសឈាមចាស់ក្នុងរាងកាយ ជាមួយនឹងឈាមថ្មីពីមនុស្សវ័យក្មេង។
គួរឱ្យដឹងថា លោក Bryan Johnson អាយុ ៤៥ ឆ្នាំ ដែលជាសេដ្ឋីមានទ្រព្យស្តុកស្តម្ភ ដែលតែងអនុវត្តទម្លាប់ប្រចាំថ្ងៃតាមការណែនាំរបស់គ្រូពេទ្យ ដែលជាលទ្ធផលធ្វើឱ្យរាងកាយរបស់លោករឹងមាំខុសពីវ័យ ដោយបេះដូងរបស់លោកដំណើរការល្អដូចនៅវ័យ ៣៧ ឆ្នាំ ស្បែកដូចមនុស្សអាយុត្រឹម ២៨ ឆ្នាំ រីឯសួត និង រូបរាងវិញប្រៀបដូចនៅវ័យត្រឹម ១៨ ឆ្នាំ។
លោកមានក្រុមវេជ្ជបណ្ឌិត និង អ្នកជំនាញផ្នែកសុខភាពរហូតដល់ ៣០ នាក់ តាមដានរបបអាហារ និង របៀបរស់នៅជាប្រចាំ។ គោលដៅរបស់លោក គឺចង់ឱ្យរាល់សរីរាង្គសំខាន់ៗ រួមមាន ខួរក្បាល ថ្លើម ក្រលៀន ធ្មេញ ស្បែក សក់ ប្រដាប់ភេទ និង ត្រគាករបស់លោក នៅតែដំណើរការល្អ ដូចកាលលោកនៅវ័យក្មេងដូច្នោះដែរ។
គម្រោងនៃរបបអាហារ និង របៀបរស់នៅរបស់លោកត្រូវបានហៅថា «Project Blueprint» គឺទាមទារឱ្យលោក Johnson គោរពតាមទម្លាប់បរិភោគអាហារដ៏តឹងរឹង ដែលកំណត់ចំនួន ១ ៩៧៧ កាឡូរីក្នុងមួយថ្ងៃ។ ការហាត់ប្រាណជាប្រចាំ គឺមានរយៈពេល ១ ម៉ោង ធ្វើលំហាត់ប្រាណខ្លាំងៗ រយៈពេល ៣ ដងក្នុងមួយសប្ដាហ៍ និង ចូលគេងរាល់យប់តាមពេលវេលាដែលកំណត់៕