តស៊ូស្រឡាញ់គ្នាមករាប់ឆ្នាំ ពេលជិតដល់ថ្ងៃភ្ជាប់ពាក្យ តែបែរជាខាងស្រីជួបគ្រោះអកុសល លាមិនត្រឡប់
នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ នេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាបង្ហាញការសោកស្ដាយ និង រំលែកទុក្ខជាមួយនឹងបុរសម្នាក់ ក្រោយពីបានឃើញរូបលោកបង្ហោះសាររៀបរាប់ពីទុក្ខសោកសង្រេង ដែលបានបាត់បង់នារីគូស្នេហ៍ជាទីស្រឡាញ់ ដោយសារតែគ្រោះថ្នាក់មួយប៉ប្រិចភ្នែក។
ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Heng Chansopheaktra បានបង្ហោះសាររៀបរាប់ពីគូស្នេហ៍ជានារីរូបស្រស់ម្នាក់ ដែលបានស្រឡាញ់គ្នាមករាប់ឆ្នាំ ព្រមទាំងជិតដល់ថ្ងៃភ្ជាប់ពាក្យជាមួយគ្នាថែមទៀតផង។ តាមសារបង្ហោះនោះ អ្វីដែលកាន់តែរំជួលចិត្តទៀតគឺអ្នកទាំងពីរបានតស៊ូជាមួយគ្នា កាន់ដៃគ្នាជម្នះឧបសគ្គជាច្រើនទម្រាំតែអាចបន្តដល់ថ្ងៃចាស់ទុំសងខាងដឹងឮ និង ត្រៀមភ្ជាប់ពាក្យ តែជាអកុសលថ្ងៃភ្ជាប់ពាក្យដែលជិតមកដល់ក៏ក្លាយជាថ្ងៃបុណ្យសពរបស់នារីជាគូស្នេហ៍ទៅវិញ។
ក្នុងសារបង្ហោះនោះដែរ លោកបានរៀបរាប់យ៉ាងកម្សត់ថា ៖ «ម្នាក់ទៅម្នាក់នៅ! ពិធីភ្ជាប់ពាក្យក្លាយជាពិធីបុណ្យសព បងជូនពរអូនកើតជាតិណាៗ ជួបតែមនុស្សល្អ កុំអភ័ព្វដូចជាតិនេះទៀត។ បងស្រឡាញ់អូន បងនឹកអូនមនុស្សល្អរបស់បង»។
មិនតែប៉ុណ្ណោះ ម្ចាស់គណនីដដែលក៏បានសរសេរទៀតថា ៖ «បាត់មួយថ្ងៃសោះដូចបាត់មួយជីវិត តែឥលូវអូនទៅចោលបងមួយជីវិតហើយ ម្តេចអូនដាច់ចិត្តម្ល៉េះ បងទើបត្រលប់មកវិញហើយអូនក៏ចាកចេញទៅ។ អូនបានសន្យាអីខ្លះជាមួយបង ម្តេចអូនមិនគោរពពាក្យសន្យាសោះអ៊ីចឹង ទម្រាំមានថ្ងៃនេះស៊ូហត់ កាន់ដៃគ្នាទោះមានឧបសគ្គយ៉ាងណាក៏ស៊ូទ្រាំលំបាកជាមួយគ្នាស៊ូរហូតជិតដល់គោលដៅហើយ ហេតុអីអូនដោះដៃចោលបងឱ្យបងដើរម្នាក់ឯង?»។
លោកក៏បានបញ្ជាក់ទៀតថា ៖ «ស្រឡាញ់គ្នារាប់ឆ្នាំគ្មានអ្នកណាមកបំបែកបាន ប៉ុន្តែបែរជាព្រហ្មលិខិតមកបំបែកអូនចេញពីបង បែកលើកនេះគឺបែករហូតហើយ បែកគ្មានថ្ងៃបកក្រោយ បែកគ្មានថ្ងៃត្រលប់សល់ត្រឹមរូបថត ហេតុអ្វីមនុស្សល្អដូចអូនឆាប់ទៅយ៉ាងនេះ? បងអរគុណណាស់រយៈពេល ៥ ឆ្នាំ ៨ ខែ ៧ ថ្ងៃ ដែលឱ្យបងបានស្គាល់អូន បងគ្មានវិប្បដិសារីនោះទេ អូនជាមនុស្សម្នាក់ដែលស្រឡាញ់បងខ្លាំងជាងគេ តែបងបែរជាជួយអូនមិនបាន។ បងបានត្រឹមឱបស្រែកហៅអូនឱ្យក្រោកឡើងសូម្បីពាក្យលាក៏មិនបាននិយាយ ឱ្យបងសុំទោសណាអូនបើមានជាតិក្រោយពិតមែនបងផ្សងជួបអូនគ្រប់ៗជាតិណា។ បងស្រឡាញ់អូន ឡាយហៀង បងនឹកអូនណាស់! សូមអូនទៅកាន់សុគតិភពចុះ សូមកុំឱ្យជាតិក្រោយដូចជាតិនេះទៀត»៕