ទៅដល់ប្រទេសភ្លាម គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីថា គូប្រកួតគួរឱ្យខ្លាចបំផុតមិនមែនថៃ តែជាវៀតណាម
ក្រោយដណ្ដើមបានមេដាយមាសលើវិញ្ញាសាបាល់ទាត់បុរសនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ គេសង្កេតឃើញថាប្រជាជនឥណ្ឌូនេស៊ីបានធ្វើការសាទរជាខ្លាំងដល់ក្រុមជម្រើសជាតិរបស់ពួកគេ ដោយមានការដង្ហែទទួលស្វាគមន៍ការវិលចូលមាតុភូមិយ៉ាងហឹកហ៊ាក់។
យ៉ាងណាមិញ ក្រោយវិលចូលដល់ទឹកដីមាតុភូមិវិញភ្លាម លោកគ្រូបង្វឹកដែលមានឈ្មោះថា Indra Sjafri បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានមួយក្នុងស្រុកភ្លាមៗ ដោយចែករំលែកនូវបទពិសោធ និង ហេតុការណ៍ដែលជួបប្រទះអំឡុងពេលប្រកួតស៊ីហ្គេម។
ក្នុងនោះលោកគ្រូ Indra បានលើកឡើងថា ៖ «សម្រាប់ខ្ញុំ ការប៉ះជាមួយក្រុមជម្រើសជាតិវៀតណាម គឺតឹងតែង និង ពិបាកជាងថៃ ដោយពួកគេមានភាពសាមគ្គីជាក្រុម និង ស្មារតីប្រយុទ្ធរឹងមាំជាងក្រុមថៃ។ ខ្ញុំអាចនិយាយបានថាវៀតណាមគឺជាគូប្រកួតប្រជែងដែលគួរឱ្យខ្លាចបំផុត សម្រាប់ស៊ីហ្គេមលើកទី ៣២ នេះ»៕