(វីដេអូ) កូនខ្មែរថែមរតក! អូនតូចកូនអ្នកសៀមរាបមួយរូប សម្ដែងជាតួអង្គហនុមានយ៉ាងជំនាញ កំពុងផ្ទុះការសរសើរ
ថ្មីៗនេះ ក្មេងប្រុសមួយរូបរស់នៅក្នុងខេត្តសៀមរាប កំពុងតែធ្វើឱ្យមហាជនជាច្រើនក្នុងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ព្រាតទៅលើរូបគេ ក្រោយបង្ហាញទេពកោសល្យយ៉ាងអស្ចារ្យផ្នែកសិល្បៈបុរាណខ្មែរ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះថា «កវី ដងស្ទឹង» បានបង្ហោះវីដេអូកុមារាមួយរូបកំពុងរាំ និង សម្ដែងជាតួអង្គហនុមាន រំលេចជាមួយនឹងកាយវិការ ព្រមទាំងទឹកមុខយ៉ាងល្អ រស់រវើកប្រៀបបីដូចជាអ្នកជំនាញយ៉ាងប៉ិនប្រសប់មួយរូប។
ក្នុងនោះម្ចាស់គណនីដដែល បានរៀបរាប់នៅក្នុង Caption បន្ថែមថា ៖ «ពិតជាសរសើរនូវទេពកោសល្យរបស់ប្អូនដែលអាចរាំបានយ៉ាងល្អ។ យ៉ាងណាប្អូនត្រូវខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីក្លាយជាទំពាំងស្នងឫស្សីនៃមរតកវប្បធម៌ដ៏ត្រចះត្រចង់មួយនេះ»។
លើសពីនេះទៅទៀតនោះ ក៏មានគណនីហ្វេសប៊ុកមួយទៀតឈ្មោះថា «Socheat Thoeun» ក៏បានលើកសរសើរពីសមត្ថភាពដ៏កម្ររបស់ក្មេងប្រុសមួយរូបនេះផងដែរថា ៖ «សិល្បៈដើរតួយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ដូច្នេះយើងជាប្រជាជនខ្មែរ ត្រូវតែលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយឱ្យចេះស្រឡាញ់ ឱ្យតម្លៃ និង ចេះថែរក្សាវប្បធម៌ខ្មែរយើងឱ្យបានគង់វង្សតទៅមុខទៀត»។
លោកក៏បានបន្តថា ៖ «ខ្ញុំពិតជាមានមោទកភាពមែនទែន ដែលបានឃើញប្អូនប្រុសម្នាក់នេះ សម្តែងបានយ៉ាងល្អក្នុងតួអង្គហនុមាន កាយវិការ ទឹកមុខ ក្បាច់របាំ គឺប្អូនប្រុសធ្វើបានល្អមែនទែន អ្វីដែលកាន់តែរំភើបជាងនេះ គឺទឹកមុខ ស្នាមញញឹមរបស់ពុកម៉ែបងប្អូនដែលសម្លឹងមកពីក្រោយ»។ គួរឱ្យដឹងផងដែរថា កុមារាមួយរូបនេះកំពុងតែសិក្សានៅឯក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរ ក្នុងខេត្តសៀមរាប៕
ចង់ជ្រាបកាន់តែច្បាស់ សូចទស្សនាវីដេអូខាងក្រោម៖