មិនលេងសើចទេ! ជាង ៥០ ឆ្នាំចុងក្រោយ មនុស្សប្រមាណ ២ លាននាក់បានអស់បុណ្យ ព្រោះអាកាសធាតុប្រែប្រួល
សារព័ត៌មាន Daily Mail នាពេលថ្មីៗនេះបានចុះផ្សាយថា មានរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានបង្ហាញថា បម្រែមបម្រួលអាកាសធាតុក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ ១៩៧០ មក បានបណ្ដាលឱ្យមានមនុស្សប្រមាណ ២ លាននាក់ស្លាប់។
អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា បម្រែបម្រួលអាកាសធាតុក្ដៅខ្លាំង បណ្តាលឱ្យមានគ្រោះមហន្តរាយចំនួន ១១ ៧៧៨ លើកនៅពាក់កណ្តាលសតវត្សរ៍ចុងក្រោយនេះ និង បានសម្លាប់មនុស្សអស់ចំនួន ២ លាននាក់ ហើយជាង ៩០ ភាគរយនៃការស្លាប់ បានរាយការណ៍ថា បានកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានបញ្ហាសេដ្ឋកិច្ច ព្រោះតែទឹកជំនន់ ព្យុះ និង ភ្លើងឆេះព្រៃ ដោយគិតចាប់តាំងពីឆ្នាំ ១៩៧០ មកចំនួនទឹកប្រាក់ខាតបង់សរុបមានចំនួន ៤.៣ ពាន់ពាន់លានដុល្លារ។
WMO ក៏បានលើកឡើងដែរថា ចំនួនអ្នកស្លាប់ក៏បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ១៩៩០ មក ដោយសារតែការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្រមានជាមុន (ការព្យាករណ៍) និង ការគ្រប់គ្រងគ្រោះមហន្តរាយ។
ជាក់ស្ដែង របាយការណ៍បានបង្ហាញថា តំបន់អាស៊ីមានចំនួន ៤៧ ភាគរយនៃចំនួនអ្នកស្លាប់ ដែលត្រូវបានរាយការណ៍នៅទូទាំងពិភពលោក ដោយក្នុងនោះមានជិត ១ លាននាក់ ស្លាប់ដោយសារព្យុះស៊ីក្លូនត្រូពិច ដែលជាមូលហេតុនាំមុខគេ។ ប្រទេសបង់ក្លាដែស ជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេនៅអាស៊ី ដោយមានចំនួនដល់ទៅ ៥២០ ៧៥៨ នាក់ ដែលត្រូវបានសន្មតថា បណ្ដាលមកពីគ្រោះមហន្តរាយចំនួន ២៨១ លើក។
ដោយឡែក នៅខាងអឺរ៉ុបវិញមានមនុស្សចំនួន ១៦៦ ៤៩២ នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយចំនួន ១៧៨៤ លើក ដែលស្មើនឹង ៨ ភាគរយនៃការស្លាប់ ដែលត្រូវបានរាយការណ៍នៅទូទាំងពិភពលោក ហើយបញ្ហាចម្បងនៃការស្លាប់ដែលត្រូវបានរាយការណ៍នោះគឺ បញ្ហាសីតុណ្ហភាពកើនឡើងខ្លាំង ជាមួយនឹងទឹកជំនន់។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍ដែលបានបង្ហាញនាពេលថ្មីៗនេះ កត្ដាចម្បងនៃការស្លាប់ខណៈដែលមានបម្រែបម្រួលអាកាសធាតុនៅទូទាំងពិភពលោកគឺ កត្តាសីតុណ្ហភាពក្ដៅខ្លាំងពេក។ ចំណែកឯកត្តា ដែលធ្វើឱ្យពិភពលោកខាតបង់សេដ្ឋកិច្ចនោះគឺ គ្រោះទឹកជំនន់៕
ប្រភព ៖ Daily Mail