គុណម្ចាស់ ហាក់ សៀងហៃ ពោលសែនស្តាយ ក្រោយដឹងលោកគ្រូម្ចាស់ សាន សុជា លាចាកសិក្ខាបទ ព្រោះបាត់បង់បញ្ញវន្តសង្ឃមួយទៀតហើយ
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ មហាជននៅក្នុងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល និង មានការស្តាយក្រោយជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់របស់លោកម្ចាស់គ្រូ ហាក់ សៀងហៃ ដោយបានជូនដំណឹងមកថា លោកម្ចាស់គ្រូ សាន សុជា លាចាកសិក្ខាបទក្នុងថ្ងៃនេះហើយ នៅឯប្រទេសអូស្ត្រាលី។
នេះបើយោងតាមការបង្ហោះរបស់ លោកម្ចាស់គ្រូ ហាក់ សៀងហៃ បានមានដីកាថា៖ «បានថ្វាយបង្គំលាជាលើកចុងក្រោយពីចម្ងាយ (អាមេរិក-អូស្រ្តាលី) វេលាម៉ោង ១២:៣០នាទីយប់ ម៉ោងនៅរដ្ឋចរចា ថ្ងៃទី២១ ឧសភា ២០២៣ មុនពេលលោកម្ចាស់គ្រូ លាចាកសិក្ខាបទថ្ងៃនេះ។ ដីកាលោកម្ចាស់គ្រូ «កូរណាទៅមុនហើយ» សូមប្រគេនពរក្នុងដំណើរជីវិតថ្មី អ្វីៗសុទ្ធតែមិនទៀងមែនពិត។ សែនស្តាយមិនដឹងបរិយាយយ៉ាងណា លាចាកសិក្ខាបាត់បង់បញ្ញវន្តសង្ឃមួយអង្គទៀតហើយ។ រដ្ឋចរចា សហរដ្ឋ ថ្ងៃទី២១ ខែឧសភា ២៥៦៧/២០២៣»៕