កូនក្រមុំខឹងកូនកំលោះ មិនជួលឌីជេចាក់ភ្លេងថ្ងៃការ បែរស្រវាភ្ញៀវក្នុងរោងមកការជាមួយ
ថ្មីៗនេះ មានមង្គលការដ៏ហួសចិត្តមួយ នៅប្រទេសឥណ្ឌា បានធ្វើឱ្យមហាជនចែកចាយពេញបណ្តាញសង្គម ដែលកូនក្រមុំដល់ថ្នាក់ស្រវាភ្ញៀវមកការជំនួសកូនកំលោះ ព្រោះតែគេមិនព្រមជួលឌីជេមកចាក់ក្នុងរោងការ។
តាមព័ត៌មានបានឱ្យដឹងថា មង្គលការមួយនេះ ត្រូវបានគេត្រៀមរៀបចំសព្វគ្រប់អស់ទៅហើយ តែបែរមានរឿងមិននឹកស្មានកើតឡើង ដោយកូនក្រមុំខឹងមិនព្រមត្រឡប់ទៅផ្ទះជាមួយកូនកំលោះឡើយ ក្រោយដឹងថាកូនកំលោះមិនបានជួលឌីជេមកចាក់ភ្លេង នៅពេលជប់លៀងយប់ឡើយ។ ក្នុងនោះ បើទោះជាអ្នកបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ ក៏កូនក្រមុំនៅតែមិនពេញចិត្តដដែល នាងបានប្រកាសមិនរៀបការជាមួយកូនកំលោះទៀត ហើយលើសពីនេះ ថែមទាំងសម្រេចចិត្តយកភ្ញៀវម្នាក់មកការជំនួសវិញ ដោយមានលក្ខខណ្ឌ តម្រូវឱ្យគេជួលឌីជេមកចាក់ភ្លេង។
យ៉ាងណាមិញ ភ្ញៀវម្នាក់នោះក៏យល់ព្រមជួលឌីជេមក រួចក៏ក្លាយមកជាកូនកំលោះ រៀបការការជាមួយនាងជប់លៀងយ៉ាងហ៊ឹកហ៊ាក់តែម្តង។ ដោយឡែក មហាជននៅតាមបណ្តាញសង្គម ពិតជាហួសចិត្តណាស់ ក្រោយពីបានដឹងរឿងនេះ តែក៏មានអ្នកខ្លះមិនអស់ចិត្ត សង្ស័យថា ប្រាកដជាមានរឿងរ៉ាវណាមួយក្រោយពីនេះជាក់ជាមិនខាន៕