(វីដេអូ) អាយុថ្លៃ! កុមារ ៤ នាក់ត្រូវបានរកឃើញមានជីវិត ក្រោយយន្តហោះធ្លាក់ ២ សប្តាហ៍
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រធានាធិបតី Gustavo Petro បាននិយាយថា កុមារចំនួន ៤ នាក់មកពីសហគមន៍ជនជាតិដើមភាគតិចក្នុងប្រទេសកូឡុំប៊ី ត្រូវបានគេរកឃើញថានៅមានជីវិតនៅភាគខាងត្បូងនៃប្រទេស ក្រោយពីធ្លាក់យន្តហោះអស់ជាងពីរសប្តាហ៍។
យ៉ាងណាមិញ ក្មេងៗទាំងនោះក៏ត្រូវបានជួយសង្គ្រោះរួចហើយ ដោយសមាជិកនៃយោធាអ្នកពន្លត់អគ្គីភ័យ និង មន្ត្រីអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៅក្នុងព្រៃដ៏ក្រាស់នៃខេត្ត Caqueta របស់ប្រទេសកូឡុំប៊ី។ ហើយយន្តហោះ ដែលមានបញ្ហានោះនោះគឺ យន្តហោះប្រភេទ Cessna ២០៦ បានដឹកមនុស្សចំនួន ៧ នាក់ ដែលបានប្រកាសអាសន្នកាលពីព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ដោយសារតែបញ្ហាម៉ាស៊ីន។
ជាមួយគ្នានោះដែរ លោក Petro បានលើកឡើងថា ៖ «បន្ទាប់ពីបានស្វែងរកយ៉ាងលំបាក ដោយក្រុមយោធារបស់យើង យើងបានរកឃើញកុមារចំនួន ៤ នាក់នៅរស់រានមានជីវិត ដែលពួកគេបានបាត់ខ្លួនក្រោយពីបានធ្លាក់យន្តហោះនៅ Guaviare ដែលនេះជារឿងរីករាយមួយសម្រាប់ប្រទេស ខណៈដែលមនុស្សពេញវ័យចំនួន ៣ នាក់រួមទាំងអ្នកបើកយន្តហោះបានស្លាប់ ដោយសារការធ្លាក់យន្តហោះនោះ ហើយសាកសពរបស់ពួកគេត្រូវបានរកឃើញនៅខាងក្នុងយន្តហោះ»។
គួរដឹងដែរថា កុមារទាំង ៤ នាក់នោះមានអាយុ ១៣ ឆ្នាំ, ៩ ឆ្នាំ និង ៤ ឆ្នាំម្នាក់ ព្រមទាំងអាយុ ១១ ខែ បានរួចផុតពីការប៉ះទង្គិច ដោយព័ត៌មានបឋម ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ក្មេងៗទាំងនោះបានគេចចេញពីយន្តហោះ ហើយរត់ចូលទៅក្នុងព្រៃលិចទឹក ដើម្បីស្វែងរកជំនួយ រហូតដល់ពេលក្រុមអ្នកជួយសង្គ្រោះ ព្រមជាមួយនឹងសត្វឆ្កែបានរកឃើញនូវផ្លែឈើ ដែលពួកគេបានញ៉ាំហើយបោះចោលនៅទីនោះ៕
ប្រភព ៖ Reuters