មិនធម្មតា! ចុងភៅជនជាតិនីហ្សេរីយ៉ាម្នាក់ បំបែកកំណត់ត្រាពិភពលោក ដោយចម្អិនអាហាររយៈពេល ១០០ ម៉ោងពេញ
នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នេះសារព័ត៌មាន CNN បានចុះផ្សាយថា មេចុងភៅជនជាតិនីហ្សេរីយ៉ា ម្នាក់ឈ្មោះ Hilda Effiong Bassey បានក្លាយជាអ្នកដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់ បន្ទាប់ពីរូបគេបានចម្អិនអាហារមិនឈប់រយៈពេល ១០០ ម៉ោងពេញក្នុងគោលបំណងបំបែកកំណត់ត្រាពិភពលោក។
តាមប្រភពដដែលបានឱ្យដឹងថា មេចុងភៅ ដែលត្រូវបានគេស្គាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឈ្មោះ Hilda Bassey បានចាប់ផ្តើមធ្វើម្ហូបចាប់តាំងពីថ្ងៃព្រហស្បតិ៍ ហើយបន្តរហូតដល់យប់ថ្ងៃច័ន្ទ ដោយបានបង្កើតរូបមន្តជាង ៥៥ រូបមន្ត និងអាហារជាង ១០០ មុខ ដែលត្រូវបានរចនាឡើង ដើម្បីបង្ហាញពីម្ហូបនីហ្សេរីយ៉ា ដ៏ល្អបំផុតនៅក្នុងវគ្គផ្ទះបាយម៉ារ៉ាតុង។
គួរដឹងដែរថា កំណត់ត្រាការចម្អិនអាហារយូរជាងគេបំផុតពីមុនគឺ ៨៧ ម៉ោង និង ៤៥ នាទី ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៩ ដោយមេចុងភៅជនជាតិឥណ្ឌា ឈ្មោះ Lata Tondon និង ជាអ្នកដែលបានបង្ហោះសារគាំទ្រដល់ Bassey ក្នុងអំឡុងពេលនាងមានបំណងបំបែកកំណត់ត្រានេះ។
ទន្ទឹមនឹងនេះ Bassey បាននិយាយដែរថា រូបនាងត្រូវបានលើកទឹកចិត្តឱ្យព្យាយាមបំបែកកំណត់ត្រា ដោយសារតែនាងចង់ដាក់អាហារនីហ្សេរីយ៉ា ឱ្យពិភពលោកបានស្គាល់ ដោយនាងបានបន្ថែមថា ៖ «ម្ហូបនីហ្សេរីយ៉ា គឺល្អបំផុតនៅទីនេះ។ ហើយរូបមន្តកាន់តែច្រើននឹងត្រូវបានផ្សព្វផ្សាយ ដោយមនុស្សកាន់តែច្រើនបានសាកល្បងវា ព្រោះអាហារនីហ្សេរីយ៉ា គឺជាអាហារ ដែលផ្តល់ផាសុកភាព»។
មិនតែប៉ុណ្ណោះ តាមរយៈសារព័ត៌មាន CNN ក៏បានឱ្យដឹងទៀតថា ក្នុងពេលដែលកំពុងចម្អិនម្ហូប មិនបានគេង Bassey នៅតែអាចមានស្មារតីខ្ពស់បាន ដោយនាងបានរាំ និង គ្រវីដៃដាក់អ្នកគាំទ្ររបស់នាងពេលនោះ។ ហើយ Bassey ក៏បានប្រាប់ CNN ទៀតថា នាងស្ទើរតែបោះបង់ចោលនៅថ្ងៃដំបូង ប៉ុន្តែបន្ទាប់ពីវាបានលើសពីកំណត់ត្រាមុន នាងក៏បានសម្រេចចិត្តដាក់គោលដៅរយៈពេល ១០០ ម៉ោងតែម្ដងទៅ៕
ប្រភព ៖ CNN