មានន័យ! បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ចាន់ វឌ្ឍនាកា មិនត្រឹមដឹងគុណឪពុកម្តាយ តែអរគុណគ្រប់គ្នាដែលជាចំណែកនៃភាពជោគជ័យ
កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកគាំទ្រកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា បានចូលរួមអបអរសាទរយ៉ាងច្រើនដល់រូបលោក ក្នុងថ្ងៃទទួលសញ្ញាប័ត្រនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោយសិក្សាអស់រយៈពេលជាច្រើនឆ្នាំ និង បញ្ចប់ដោយជោគជ័យ។
ក្នុងថ្ងៃប្រគល់សញ្ញាប័ត្រនេះ កីឡាករ ចាន់ វឌ្ឍនាកា ខ្ញុំបានសម្ដែងអារម្មណ៍ត្រេកអរ ដែលក្រៅពីវិស័យកីឡា លោកបានបញ្ចប់ការសិក្សាបានដោយជោគជ័យ និងមោទកភាព ដោយមានការចូលរួមជ្រោមជ្រែងពីអាណាព្យាបាល លោកឪពុកអ្នកម្តាយរបស់លោក និងពីសំណាក់លោកគ្រូអ្នកគ្រូទាំងអស់ ហើយលោកប្តេជ្ញា នឹងយកចំណេះដឹងដែលខ្លួនបានរៀនសូត្រ ដើម្បីបំរើជាប្រយោជន៍ដល់ប្រទេសជាតិតាមរយៈការចូលរួមសកម្មភាពនានា។
លើសពីនោះ ក្រោយទទួលសញ្ញាប័ត្របានមួយថ្ងៃកីឡាករពាក់លេខ ១១ ចាន់ វឌ្ឍនាកា ក៏បានបង្ហោះសារជាថ្មីម្តងទៀត មិនត្រឹមតែដឹងគុណដល់ឪពុកម្តាយទេ តែលោកក៏បានអរគុណដល់មនុស្សជុំវិញខ្លួន ដែលជាចំណែកនៃភាពជោគជ័យរបស់លោកថែមទៀតផង។ សារនោះ ចាន់ វឌ្ឍនាកា បានរៀបរាប់ថា៖ «អរគុណប៉ា និង ម៉ាក់ ដែលចិញ្ចឹមមើលថែខ្ញុំរហូតមក រហូតខ្ញុំមានថ្ងៃនេះ ហើយខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ ពិតជារឿងដ៏រីករាយមួយសម្រាប់ខ្ញុំផ្ទាល់ និង គ្រួសារ។ ប៉ុន្តែអ្វីដែលខ្ញុំមិនភ្លេចនោះ គឺការអរគុណទៅដល់មនុស្សគ្រប់គ្នា ទាំងថ្នាក់ដឹងនាំ ក្រុមគ្រួសារខ្ញុំ ក្រុមបាល់ទាត់បឹងកេត និង ភ្នាក់ងារក្រុមផងដែរ។ លោកគ្រូអ្នកគ្រូទាំងអស់ បងប្អូន និង អ្នកគាំទ្រខ្ញុំទាំងអស់គ្នា គ្រប់គ្នាសុទ្ធតែជាចំណែកក្នុងការបញ្ចប់ការសិក្សារបស់ខ្ញុំ។ ជាចុងក្រោយខ្ញុំសូមជូនពរគ្រប់គ្នាជួបតែ សុខភាពល្អ សំណាងល្អ រកទទួលទានមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារ សូមអរគុណ»៕