ដាក់ទឹកដោះគោនៅអូហ្វិសទុកផឹក តែមានគេលួចផឹករកមុខមិនឃើញ លើកនេះអស់ទ្រាំពួយចាក់មេសោជាប់គំរប
មានរូបភាពមួយសន្លឹក កំពុងធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមអស់ចិត្តហួសសំណើច ដោយជារូបភាពរបស់ដបទឹកដោះគោស្រស់មួយដបនៅក្នុងទូទឹកកក ដែលត្រូវម្ចាស់ចាក់សោជាប់គម្រប ការពារមិនឱ្យមានអ្នកលួចផឹក។
តាមព័ត៌មានបានឱ្យដឹងថា រូបភាពមួយសន្លឹកនេះ ត្រូវបានផុសដោយបុគ្គលិកការងារមួយរូប ហើយទូទឹកកនេះ គឺជាទូនៅកន្លែងធ្វើការ ចំណែកមូលហេតុដែលដល់ថ្នាក់ចាក់សោ ជាប់គម្របដបទឹកដោះគោរបស់ខ្លួនបែបនេះ ព្រោះដើម្បីការពារជនមិនដឹងមុខនៅក្នុងអូហ្វិស ដែលតែងតែលួចផឹកកន្លងមក។
ក្នុងនោះ មានមហាជនជាច្រើនបានចូលមកបញ្ចេញមតិយល់ឃើញផ្សេងៗគ្នា តែភាគច្រើនម្នាក់ៗលើកឡើងថា ការធ្វើបែបនេះពិតជាសមហេតុផល ព្រោះកន្លងមកបទពិសោធន៍របស់ខ្លួន គឺមិនខុសពីអ្នកផុសនោះទេ ត្រូវគេយកអាហារដែលទុកនៅក្នុងទូទឹកកកនៅញ៉ាំអស់ មិនចេះក្រែងចិត្តឡើយ។ ឯអ្នកខ្លះទៀត ក៏ឆ្លៀតទម្លាយរឿង ខ្លួនធ្លាប់សងសឹកទៅកាន់អ្នកដែលលួចញ៉ាំ ដោយវិធីផ្សេងៗ ដែលមើលទៅពិតជាហួសចិត្តតែម្តង៕