តំបន់ភាគខាងជើង និង កណ្ដាលប្រទេសវៀតណាម ប្រឈមនឹងបញ្ហារលកកម្ដៅជាថ្មី ចាប់ពីថ្ងៃនេះទៅ
សារព័ត៌មាន VN Express បានចុះផ្សាយកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅថា ក្រោយពីសប្ដាហ៍មុនអាកាសធាតុបានចុះត្រជាក់រួចមក តំបន់ភាគខាងជើង និង ភាគកណ្តាល ដែលមានដូចជា ទីក្រុងហាណូយ និង ដាណាង នឹងទទួលរងនូវឥទ្ធិពលអាកាសធាតុក្តៅជាថ្មីម្តងទៀត ចាប់ផ្តើមពីថ្ងៃអង្គារ ទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នេះតទៅ។
មជ្ឈមណ្ឌលជាតិជលសាស្ត្រ និង ការព្យាករណ៍ឧតុនិយម បានប្រកាសថា តំបន់សម្ពាធទាបក្តៅនឹងវិវឌ្ឍន៍ម្តងទៀតនៅភាគខាងលិច ចាប់ពីថ្ងៃទី ១៥ ខែឧសភានេះ ហើយបានព្យាករណ៍សីតុណ្ហភាពអតិបរមានៅពេលថ្ងៃនឹងកើនឡើង លើសពី ៣៥ អង្សាសេចាប់ពីថ្ងៃពុធ ទី ១៧ តទៅ។
ដោយឡែក គេហទំព័រអាមេរិក មួយឈ្មោះ AccuWeather បានលើកឡើងថា សីតុណ្ហភាពខ្ពស់បំផុតនៅទីក្រុងហាណូយនឹងមានដល់ ៣៧ អង្សាសេនៅពេលថ្ងៃ និង ២៥ អង្សា នៅពេលយប់ក្នុងថ្ងៃអង្គារ ទី ១៦ ខែឧសភា នេះ និង នៅថ្ងៃទី ១៧ សីតុណ្ហភាពខ្ពស់ឡើងដល់ទៅ ៣៨ អង្សា និង ២៧ អង្សានៅពេលយប់។ ចំណែកឯនៅ Sa Pa វិញសីតុណ្ហភាណនឹងមានចន្លោះពី ១៧ ដល់ ២៣ អង្សាក្នុងថ្ងៃទី ១៦ ហើយនៅថ្ងៃទី ១៨ មានចន្លោះពី ១៧-២៥ អង្សារ ខណៈដែលតំបន់កណ្តាលនឹងមានសីតុណ្ហភាពពី ៣៦ – ៣៩ អង្សា ឬអាចឡើងដល់ ៤០ អង្សានៅកន្លែងខ្លះ។
គួរបញ្ជាក់ដែរថា ការិយាល័យអាកាសធាតុ បាននិយាយកាលពីខែមុនថា រដូវក្តៅនឹងក្តៅជាងធម្មតា ប៉ុន្តែមានព្យុះតិចជាងមុន ដោយសារឥទ្ធិពលនៃបាតុភូត El Nino ដែលជាគំរូអាកាសធាតុដដែលៗបណ្តាលមកពីការប្រែប្រួលសីតុណ្ហភាពទឹកនៅមហាសមុទ្រត្រូពិចកណ្តាល និង ភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ យ៉ាងណាមិញ អ្នកឧតុនិយមបានលើកឡើងដែរថា រលកកម្ដៅនេះ នឹងមិនខ្លាំងដូចកាលពីដើមខែឧសភាទេ គឺនៅពេល ដែលកំណត់ត្រាសីតុណ្ហភាពបានកើនឡើងដល់ ៤៤.២ អង្សានៅថ្ងៃទី ៧ ខែឧសភា កន្លងទៅ៕
ប្រភព ៖ VN Express