អស្ចារ្យណាស់! ស្ត្រីខ្មែរកូនអ្នកកំពង់ធំម្នាក់ ក្លាយជាម្ចាស់ប្រាសាទបុរាណពេញសិទ្ធិមួយ នៅប្រទេសលុចសាំប៊ួរ
ប្រិយមិត្តប្រហែលជាចាំមិនទាន់ភ្លេចទេ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ មានការចាប់អារម្មណ៍មួយទាក់ទងនឹងការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ ម៉ានិច្ច ម៉ៅ ដែលគេស្គាល់ថាជាកូនអ្នកខេត្តកំពង់ធំ ហើយបានរៀបការប្តីចេញទៅរស់នៅប្រទេសលុចសាំប៊ួរ។
ការបង្ហោះរបស់ ម៉ានិច្ច ម៉ៅ នោះគឺអ្នកនាងបានរៀបរាប់ថា ៖ «នាងខ្ញុំមានកិត្តិយស និង មោទកភាពជាខ្លាំង ដែលបានទទួលសិទ្ធិពេញលេញក្លាយជាម្ចាស់ប្រាសាទ Branderbourg នៃប្រទេសលុចសាំប៊ួរ តាមច្បាប់វង្សត្រកូលគ្រួសាររបស់ស្វាមីខ្ញុំគឺ កូនប្រសា (សាច់ថ្លៃ) មិនអាចចូលឈ្មោះជាម្ចាស់ប្រាសាទបានទេ មានតែកូនបង្កើតប៉ុណ្ណោះ។
«ប៉ុន្តែស្វាមីខ្ញុំបានសំណូមពរដល់គ្រួសារគាត់ទាំងអស់គ្នា ដើម្បីផ្តល់កិត្តិយសឱ្យនាងខ្ញុំ និង មានឈ្មោះខ្មែរចារក្នុងសៀវភាវប្រវត្តិសាស្រ្តប្រាសាទ Brandenbourg នេះជាចិញ្ចៀនដែលជាតំណាងនិមិត្តសញ្ញាប្រចាំគ្រួសារ du Fays – van Delft និង ប្រាសាទ Brandenbourg នេះជាមោទនភាពមួយដែលនាងខ្ញុំជានារីខ្មែរមួយរូប បានក្លាយជាម្ចាស់ប្រសាទនៃប្រទេសលោកខាងលិច អរគុណឧត្តមស្វាមីដែលតែងតែលើកដំកើន និងអោយតុម្លៃប្រពន្ធរហូតមក កុំភ្លេចណាបងប្អូនដែលបានអញ្ជើញមកលេងអ៊ឺរ៉ុប អាចឈានមកទស្សនាប្រាសាទ Brandenbourg នៅប្រទេសលុចសាំប៊ួរ ជាប់នឹងប្រទេសបារាំង អាល្លឺម៉ង់ និង ប៊ែលស្ស៊ីក ដែលមាននាងខ្ញុំជាខ្មែរ និង ជាម្ចាស់ប្រាសាទផ្ទាល់ជូនបងប្អូនចូលទស្សនាផ្ទាល់តែម្តង»។
យ៉ាងណាមិញ បើតាមការឱ្យដឹងបន្ថែមទាក់ទងនឹងម្ចាស់គណនីរូបនេះ គឺលោកស្រីជាកូនស្រីអ្នកមកពីខេត្តកំពង់ធំ ដែលរៀបការជាមួយនឹងម្ចាស់ប្រាសាទ Brandenbourg ហើយបច្ចុប្បន្ននេះ លោកស្រីបានទៅរស់នៅជាមួយនឹងស្វាមីក្នុងប្រទេសលុចសាំប៊ួរ៕