គោឧសភរាជ បរិភោគស្រូវ ពោត សណ្ដែក មានប្រផ្នូលថា ឆ្នាំនេះដំណាំកសិកម្មទទួលផលខ្ពស់
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ ជាថ្ងៃដែលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ ដែលព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ បានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏មហាខ្ពង់ខ្ពស់ពីព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
នៅក្នុងព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» ឆ្នាំនេះ ត្រូវបានចាត់ទុកជាឆ្នាំដែលមានប្រផ្នូលល្អ ដោយសារ «គោឧសភរាជ» បានបរិភោគគ្រាប់ធញ្ញជាតិដូចជាស្រូវ ពោរ សណ្ដែក ដែលមានប្រផ្នូលថា ផលដំណាំកសិកម្មឆ្នាំនេះរបស់ប្រជាពលរដ្ឋ ទទួលបានផលល្អគាប់ប្រសើររហូតដល់ទៅ ៩៥ ភាគរយ។
គួរបញ្ជាក់ថា ព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» នេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ៕