មកស្គាល់កំពូល YouTubers ចំនួន ៥ រូប ដែលរកលុយបានច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៣
ជាធម្មតា គេហទំព័រ ដ៏ពេញនិយមបំផុតមួយសម្រាប់ការមើលវីដេអូនោះគឺ YouTube ហើយដើម្បីធ្វើឱ្យអ្នកប្រើប្រាស់អាចសប្បាយចិត្ត YouTuber ជាច្រើនបានប្រើគ្រប់មធ្យោបាយបំពេញតម្រូវការនោះ។ យ៉ាងណាមិញ នាពេលថ្មីៗគេហទំព័រ NUBIA Magazine បានចុះផ្សាយពី YouTuber ចំនួន ៥ នាក់ ដែលជាអ្នករកប្រាក់ចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០២៣ នេះគិតត្រឹមថ្ងៃទី ១២ ខែមេសា។
១. Jay Jeon ដែលមានប្រាក់ចំណូលសរុប ៤៦០ លានដុល្លារ
បើនិយាយពីឈ្មោះ Jay Jeon ប្រហែលជាពុំសូវមានអ្នកស្គាល់ទេ ប៉ុន្តែលោក Jay Jeon គឺជាស្ថាបនិក YouTube Channel ដ៏ល្បីមួយឈ្មោះ CoComelon ដែលបានផលិតចម្រៀងកុមារ និង កម្មវិធីផ្សេងៗទៀត។ ហើយប៉ុស្តិ៍នេះត្រូវបានបង្កើតឡើងដោយ Jay Jeon ប្រពន្ធរបស់លោក និង កូនរបស់ពួកគេកាលពីឆ្នាំ ២០០៦ ក្រោមឈ្មោះ «checkgate» ប៉ុន្តែក្រោយមកបានប្តូរឈ្មោះទៅជា «CoComelon» ក្នុងឆ្នាំ ២០១៨ ។ មិនតែប៉ុណ្ណោះ លោក Jay Jeon ឥឡូវនេះបានក្លាយជា YouTuber ដែលមានជាងគេបំផុតនៅលើពិភពលោកផងដែរ។
២. Jeffree Star ជា YouTuber មានចំណូលសរុប ២០០ លានដុល្លារ
Jeffree Star គឺជា YouTuber ដ៏ល្បីម្នាក់ និង ជាម្ចាស់ហាងកែសម្ផស្ស Jeffree Star Cosmetic ព្រមទាំងជាអតីតតារាចម្រៀង និង ជាអ្នកនិពន្ធបទចម្រៀងមួយរូប ដែលបានក្លាយជាតារាល្បីនៅលើយូធូប បន្ទាប់ពីបានចាប់ផ្តើមចូលចិត្តផ្នែកកែសម្ផស្ស និង ការតុបតែងខ្លួន។
៣. Ryan Kaji គឺជា YouTuber មានចំណូល ១០០ លានដុល្លារ
Ryan Kaji ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ Channel YouTube ឈ្មោះ Ryan’s World ដែលរួមមាន Ryan ព្រមទាំងឪពុកម្តាយរបស់គេ និង បងប្អូនស្រីភ្លោះរបស់គេ។ ហើយ Channel Ryan’s World នេះដែរមានអ្នកជាវលើសពី ២០ លាននាក់ ស្ថិតក្នុងចំណោម Channel YouTube ដែលមានគេចូលចិត្តច្រើនបំផុត។
៤. Jimmy Donaldson ជា YouTuber មានចំណូល ១០០ លានដុល្លារ
Jimmy Donaldson ជារឿយៗត្រូវបានគេស្គាល់ថាជា MrBeast ដោយសារតែវាជាឈ្មោះរបស់ Channel YouTube លោក។ ហើយចាប់តាំងពីលោកមានអាយុ ១៣ ឆ្នាំ លោកបានបង្កើត និង បង្ហោះវីដេអូទៅក្នុង YouTube របស់លោក ទើបបណ្ដាលឱ្យវាមានអ្នកជាវច្រើនបំផុតមួយដែរ។ លើសពីនេះទៅទៀត ក្រៅពីជា YouTuber មួយរូបហើយលោក Donaldson ដែលមានអាយុត្រឹមតែ ២៤ ឆ្នាំក៏ជាមនុស្សមានចិត្តសប្បុរសដែរ។
៥. Logan Paul ទទួលបានចំណូលពី YouTube ចំនួន ៤៥ លានដុល្លារ
YouTuber ជនជាតិអាមេរិក និង ជាបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយលោក Logan Paul ឥឡូវនេះក៏កំពុងតែស្ថិតនៅក្រោមកិច្ចសន្យាជាមួយ WWE ដើម្បីប្រកួតប្រជែងជាអ្នកកីឡាកាសអាជីពដែរ ក្រៅពីរកចំណូលតាម YouTube ហើយនោះ៕
ប្រភព ៖ NUBIA Magazine