ចាំក្មេងប្រុសបង់ក្លាដេសជាប់ក្នុងកុងតឺន័រទេ? ក្រោយបញ្ជូនទៅវិញ នៅមិនផុតគ្រោះត្រូវអស់បុណ្យដោយលង់ទឹកនៅផ្ទះ
កាលពីដើមឆ្នាំ ២០២៣ កន្លងទៅ រឿងរ៉ាវរបស់ក្មេងប្រុសសញ្ជាតិបង់ក្លាដេសម្នាក់ បានបង្កការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង Twitter ក្រោយរូបគេត្រូវបានប្រទះឃើញក្នុងកុងតឺន័រនាប្រទេសម៉ាឡេស៊ី ។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនោះមានអាយុ ១៤ ឆ្នាំ ឈ្មោះថា Md Ratul Islam Fahim បានភ្លឹកភ្លាំង ក្រោយរូបគេទៅដល់ប្រទេសម៉ាឡេស៊ី ក្រោយដេកលក់ក្នុងកុងតឺន័រ ខណៈលេងបិទពួនជាមួយមិត្តភក្តិ។ យ៉ាងណាមិញ ក្រោយប៉ុន្មានសប្ដាហ៍ក្រោយ រូបគេក៏ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារវិញផងដែរ។
ដោយឡែក តាមការចេញផ្សាយព័ត៌មានពី bdnews24.com កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ បានទម្លាយពីដំណឹងដ៏តក់ស្លុតមួយថា ក្មេងប្រុស Ratul បានទទួលមរណភាពហើយ ដោយសារតែការលង់ទឹក ក្រោយចុះលេងទឹកម្នាក់ឯងក្នុងស្រះមួយក្បែរផ្ទះរបស់គេ។
ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីមេប៉ូលិសក្នុងតំបន់បាននិយាយថា Ratul បានលង់ទឹក ខណៈកំពុងងូតទឹកលេងម្នាក់ឯងនៅក្នុងស្រះក្បែរផ្ទះ ហើយបើយោងតាមសម្ដីឪពុករបស់គេ ក៏បានទម្លាយដែរថា កូនរបស់លោកគឺមានបញ្ហាសតិអារម្មណ៍ ហើយមិនចេះហែលទឹកទេ។ ពេលគេចុះលេងទឹកនោះ គឺចុះម្នាក់ឯង ព្រោះបងប្អូនរបស់គេជាប់រវល់ច្រូតស្រូវនៅវាលស្រែ៕