ពូកែរិះថាំលាក់លុយគ្រប់កន្លែងក្នុងផ្ទះ ពេលធ្លាក់ខ្លួនឈឺតាអាយុ ៧៥ ឆ្នាំ ដាច់ចិត្តប្រាប់កូនចៅឱ្យដើរប្រមូលលុយ បានជាង ៧ ពាន់ដុល្លារ
ថ្មីៗនេះ មហាជនកំពុងហួសចិត្តខ្លាំងជាមួយរឿងរ៉ាវមួយនាប្រទេសឥណ្ឌូនេស៊ី ដែលមានតាចាស់វ័យ ៧៥ ឆ្នាំម្នាក់ សែនរិះបេះមិនចេញ លួចលាក់លុយឡើងពេញក្នុងផ្ទះ ជាង ១០ ឆ្នាំ ដល់ធ្លាក់ខ្លួនឈឺខ្លាំង ញាតិមិត្តផ្អើលគ្មានលុយជួយព្យាបាល ទើបដាច់ចិត្តទម្លាយការពិត។
តាមព័ត៌មានបានឱ្យដឹងថា លោកតារូបនេះជាអ្នកក្រខ្សត់ណាស់ គាត់ចិញ្ចឹមជីវិតដោយការចិញ្ចឹមទា និង លុយប្រចាំខែពីរដ្ឋ ព្រមទាំងសប្បុរសធម៌ផ្សេងៗ។ យ៉ាងណាមិញ តាំងពីឆ្នាំ ២០១៣ មក លោកតាបានយកលុយចំណូលដែលបានមកក្នុងមួយខែៗយកមកចងកៅស៊ូ រួចយកទៅលាក់គ្រប់កន្លែងផ្សេងៗនៅក្នុងផ្ទះ ទាំងនៅក្រោមគ្រែ កំប៉ុងផ្លាស្ទិក និង នៅរបងផ្ទះជាដើម តែអ្នកនៅក្នុងផ្ទះគ្មាននរណាចាប់អារម្មណ៍ឃើញសូម្បីតែបន្តិច។
រហូតទើបថ្មីៗនេះ លោកតាបានធ្លាក់ខ្លួនឈឺ ធ្វើឱ្យអ្នកផ្ទះបារម្ភខ្លាំង ព្រោះកំពុងខ្សត់ខ្សោយគ្មានលុយព្យាបាលលោកតាឡើយ។ ឃើញបែបនេះ លោកតាក៏ដាច់ចិត្តប្រាប់ការពិតពីរឿងដែលខ្លួនបានលាក់លុយនោះ ហើយកូនចៅក៏បាននាំគ្នាដើរប្រមូលលុយឡើងវិលក្បុង មួយព្រឹកទល់ល្ងាចដើម្បីមករាប់ឱ្យតា។ ក្នុងនោះ កូនចៅនាំគ្នាដើរប្រមូលបានប្រហែល ១០៤ លាន រូពៀឥណ្ឌូនេស៊ី ដែលស្មើប្រមាណ ៧០០០ ដុល្លារ តែខូចខាតអស់ទៅជាង ៦០០ ដុល្លារ ព្រោះតែទុកយូរពេក។
យ៉ាងណាមិញ កូនចៅក៏បានប្រមូលយកលុយទាំងនេះទៅព្យាបាលលោកតា និង ទិញរបស់របផ្សេងដែលលោកតាត្រូវការ ព្រមទាំងយកទៅប្រើប្រាស់ចាយវាយនៅក្នុងផ្ទះផងដែរ៕