(វីដេអូ) ផ្ទុះការរិះគន់ព្រាត ពេលឃើញពុទ្ធបរិស័ទដណ្ដើមខ្សែសីមាខ្វែងដៃគ្នា បន្ទាប់ពីកាត់ឫសសីមានៅវត្តខ្ចាស់
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញ Tiktok ក្រោយមានករណីពុទ្ធបរិស័ទដែលចូលរួមពីធីបុណ្យកាត់ឫសសីមា នៅវត្តខ្ចាស់ បែរជានាំគ្នាដណ្ដើមកាន់ខ្សែសីមាដែលទើបកាត់រួចឡើងខ្វែងដៃ ប្រទាញប្រទង់គ្នាយ៉ាងច្របូកច្របល់។
យោងតាមម្ចាស់គណនី Tiktok ឈ្មោះថា Povzeefa ដែលបានបង្ហោះទិដ្ឋភាពស្ដែងៗ បន្ទាប់ពីម្ចាស់ដើមបុណ្យបានកាត់ខ្សែសីមានោះរួច ពុទ្ធបរិស័ទដែលចូលរួមផ្សេងទៀតក៏បាននាំគ្នាដណ្ដើមខ្សែសីមានោះភ្លាមៗ ដែលមើលទៅហាក់មិនសមរម្យ។ ពិសីបុណ្យកាត់សីមានេះគឺធ្វើឡើងដើម្បីសម្ពោធឆ្លងព្រះវិហារថ្មី ដែលធ្វើឡើងនៅវត្តប្រសាទស្រះកណ្ដាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ក្រោយវីដេអូនេះបង្ហោះឡើងក៏មានការបញ្ចេញមតិរិះគន់ពីសំណាក់មហាជនព្រាត ដោយមានខ្លះលើកឡើងថា៖ «ងងឹតឈឹងគ្មានពន្លឺនៃបញ្ញា», «វាមិនស្ថិតលើរបស់ទាំងនេះទេ ឱ្យតែចិត្តជ្រះថ្លា និងគោរពអ្នកមានគុណគឺល្អហើយ», «មិនចែកគ្នាទៅធ្វើរញ៉េរញ៉ៃ» ជាដើម៕