ឆ្អែតលែងនិយាយចេញ! ខំនាំសង្សារទៅជួបឪពុក មានអីខាងស្រីបែរលង់ស្នេហ៍ឪទៅវិញ
រឿងរ៉ាវហួសចិត្តមួយកំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់មហាជន ដែលនិយមលេងបណ្ដាញសង្គម Twitter ក្រោយមានករណីបុរសម្នាក់ណែនាំសង្សារឱ្យជួបឪពុកលើកដំបូង នាងបែរជាលង់ស្រឡាញ់ឪពុក សុំបញ្ចប់ចំណងស្នេហ៍ដើម្បីធ្វើជាម្ដាយចុងវិញ។
ហេតុការណ៍មួយនេះបានកើតឡើងនៅតំបន់ Kanpur ក្រុង Uttar Pradesh ប្រទេសឥណ្ឌា ដោយបុរសជាគូស្នេហ៍មានឈ្មោះថា Amit បានរៀបរាប់ថា៖ «ខ្ញុំ និង គូស្នេហ៍ខ្ញុំគឺយើងមានអាយុ ២០ ឆ្នាំដូចគ្នា ហើយពួកយើងក៏បានស្រឡាញ់គ្នាជាងមួយឆ្នាំ។ ដោយចិត្តស្រឡាញ់ និងមានបំណងយកនាងជាគូអនាគត ខ្ញុំក៏សម្រេចចិត្តណែនាំនាងឱ្យឪពុកខ្ញុំស្គាល់ ដោយពុកខ្ញុំជាបុរសពោះម៉ាយ»។
«តែអ្វីដែលមិននឹកស្មាន បន្ទាប់ពីជួបឪពុកខ្ញុំហើយ ស្រាប់តែទាំងឪពុកខ្ញុំ និងគូស្នេហ៍ខ្ញុំក៏បានបាត់ខ្លួន។ ដោយអាណាព្យាបាលនាងបានមកចោទខ្ញុំថាលួចលាក់កូនស្រី ប៉ុន្ដែតាមពិតទៅគឺនាងបានរត់តាមឪពុកខ្ញុំទេ។ ខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ និងអស់សង្ឃឹមជាខ្លាំង ទាំងឪពុក និងគូស្នេហ៍ ដែលហ៊ានធ្វើបែបនេះដាក់ខ្ញុំ»។
«ក្រោយប្ដឹងប៉ូលិសស្វែងរកអស់ជាង ១ ខែ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ ប៉ូលិសក៏បានរកឃើញពួកគេ ដោយឪពុកខ្ញុំ និងនារីម្នាក់នោះបានស្នាក់នៅទីក្រុង Delhi ដែលមានចម្ងាយប្រមាណ ៥០០ គីឡូម៉ែត្រពីភូមិស្រុករបស់យើង»។
«នៅពេលបានជួបអ្នកទាំងពីរក៏បានសារភាពថា ពួកគេបានលង់ស្រឡាញ់គ្នា ដោយជួបភ្លាមស្រឡាញ់ភ្លែត ហើយដោយខ្លាចមានការជំទាស់មិនយល់ព្រមពីសំណាក់ក្រុមគ្រួសារ ទើបសម្រេចចិត្តរត់តាមគ្នាសាងស្នេហា និងផ្ដើមជីវិតថ្មី។ ហើយនាងពិតជាសុំទោសដែលក្បត់ខ្ញុំ តែពេលនេះនាងលង់ស្រឡាញ់ឪពុកខ្ញុំខ្លាំងទៅហើយ នាងមិនអាចធ្វើជាគូស្នេហ៍ខ្ញុំបានទៀតទេ ដោយនាងសុំធ្វើជាម្ដាយចុងខ្ញុំជំនួសវិញ»៕