ទៅលេងផ្ទះអនាគតម៉ែក្មេកលើកដំបូង តែត្រូវសង្សារបង្ខំឱ្យលាងចាន បើមិនលាងបែកគ្នា
មហាជនកំពុងហួសចិត្តខ្លាំងជាមួយនឹងរឿងរ៉ាវរបស់នារីម្នាក់ ដែលទើបទៅលេងផ្ទះសង្សារលើកដំបូងសោះ បែរជាត្រូវគេបង្ខំឱ្យលាងចាន គំរាមសុទ្ធតែបើមិនលាងនឹងបែកគ្នាទៀត តែនាងចិត្តខ្លាំងមិនខ្ចីខ្វល់ ដើរចេញពីផ្ទះធ្វើមិនដឹង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយនារីខាងលើបានទៅលេងផ្ទះគ្រួសារខាងប្រុស ហើយពួកគេក៏បានធ្វើម្ហូបទទួលនាងយ៉ាងកក់ក្តៅ។ នាងសប្បាយចិត្តណាស់ ព្រោះមើលទៅគ្រួសារខាងប្រុសស្រឡាញ់គ្នាគ្រប់គ្នា ម្នាក់ៗហៅនាងថាកូនៗឡើងពេញមាត់។
យ៉ាងណាមិញ ខណៈទទួលទានអាហារហើយ នាងហាក់ស្ទាក់ស្ទើរថានឹងជួយលាងចានឬយ៉ាងណា ព្រោះទើបតែមកផ្ទះគេលើកដំបូង តែចុងក្រោយនាងក៏សម្រេចចិត្តងើបទៅលាងដៃ ស្រាប់តែសង្សារទាញមកវិញភ្លែត ព្រមទាំងប្រាប់ថាចាប់ពីពេលនេះទៅនាងជាគ្រួសាររបស់គេហើយ ដូច្នេះការលាងចានគួរតែជាតួនាទីរបស់នាងដែលជាភរិយា។ នាងពិតជាមិនពេញចិត្តនោះទេ ហើយក្រោយពីបានឃើញបែបនេះ សង្សារនាងបែរជានៅតែឆ្លៀតគំរាមនាងឱ្យលាងទៀត បើមិនលាងទេនឹងបែកគ្នា។
ដោយឡែក នារីខាងលើបានឱ្យដឹងថា នាងមិនស្អប់ខ្ពើមការលាងចាននោះទេ ព្រោះនាងក៏ជាអ្នកជនបទដូចគ្នា តែរឿងមួយនេះពិតជាហួសហេតុពេក ធ្វើឱ្យនាងខឹងណាស់ ទើបនាងក៏សម្រេចចិត្តទាញកាបូបដើរចេញពីផ្ទះនោះទៅ៕