ម្ចាស់គណនី Bong Tra ប្រកាសមិនទទួលខុសត្រូវឡើយ ក្រោយជនខិលខូចបង្កើតគណនីក្លែងក្លាយដាក់រូបលោក ទៅឆាតទាក់ទងស្នេហាគេរួចបោកយកលុយ
ស្ទីលបោករបស់ជនអនាមិកលើប្រព័ន្ធ Social Media នៅតែសាយភាពពាសពេញបណ្ដាញសង្គម ដោយមកដល់ពេលនេះ គេនៅតែឃើញមានមនុស្សជាច្រើនបានរងគ្រោះដោយសារជនខិលខូចរកកលល្បិចផ្សេងៗ ដើម្បីឆាតទៅបោកប្រាស់ជនរងគ្រោះឱ្យផ្ញើលុយតាមមធ្យោបាយផ្សេងៗទៅឱ្យពួកគេ។
ជាក់ស្ដែងថ្មីៗនេះ គណនីហ្វេសប៊ុក Bong Tra ដែលមានឈ្មោះពេញថា Thay Sopheaktra បានបង្ហោះសារប្រកាសនៅលើគណនីហ្វេសប៊ុកថា មានជនខិលខូចបានយករូបថតរបស់លោកទៅបង្កើតគណនីក្លែងក្លាយជាច្រើនរាប់ភ្លេច ដោយដាក់ឈ្មោះផ្សេងៗគ្នា ដើម្បីក្លែងបន្លំថាជាលោកទៅបោកលុយជនរងគ្រោះហូរហែ។
ចំពោះស្ទីលបោករបស់ជនខិលខូចទាំងនោះ ដំបូងឡើងពួកគេបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះដោយការផ្ញើសារទាក់ទងគ្នាក្នុងន័យស្នេហាស៊ីជម្រៅ ហើយក្រោយមកពួកជនអនាមិក ក៏បានសាងរូបភាពធ្វើជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ឬ មានក្រុមគ្រួសារឪពុកម្ដាយឈឺធ្ងន់តម្រូវឱ្យវះកាត់ ហើយត្រូវការលុយជាបន្ទាន់ ឬ កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយលួងលោមឱ្យជនរងគ្រោះផ្ញើលុយឱ្យពួកគេដោះស្រាយបញ្ហា ជាដើម។
បន្ទាប់ពីជនរងគ្រោះផ្ញើលុយឱ្យពួកគេហើយទើបដឹងថាខ្លួនត្រូវគេបោក ក៏ស្វែងរកគណនីហ្វេសប៊ុកពិតប្រាកដឃើញ។ ចំពោះករណីនេះ Bong Tra ដែលជាម្ចាស់គណនីពិតប្រាកដ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅក្រសួងពាក់ព័ន្ធរួចរាល់ហើយដែរ ព្រោះថារឿងរ៉ាវមួយនេះបានកើតឡើងចំពោះលោកច្រំដែលតាំងពីឆ្នាំ ២០១៥-២០១៦ មកម្ល៉េះ ហើយមកដល់បច្ចុប្បន្ន នៅតែមានជនរងគ្រោះត្រូវចាញ់បោកជនទាំងនោះជាបន្តបន្ទាប់។
លោក Thay Sopheaktra ឬ Bong Tra បានប្រកាសសុំមិនទទួលខុសត្រូវរាល់ការឆបោករបស់គណនីក្លែងក្លាយទាំងឡាយណាដែលបានយករូបថតរបស់លោកទៅសាងរូបភាពបោកប្រាស់ផ្សេងៗឡើយ ដោយគណនីពិតប្រកាសរបស់លោកមានតែគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចំនួន ២ គឺ ទី១ (https://www.facebook.com/thaysopheaktra/) និង ទី២ (https://www.facebook.com/sopheaktrathay) និង ហ្វេសប៊ុកផេកចំនួន ១ (https://www.facebook.com/sopheaktraofficialpage/) ព្រមទាំងគណនីអ៊ីនស្តាក្រាមចំនួន ១ (https://instagram.com/thay.sopheaktra?igshid=YmMyMTA2M2Y=) ប៉ុណ្ណោះ ក្រៅពីនេះ លោកសុំមិនទទួលខុសត្រូវឡើយ៕