ចិត្តខ្លាំងមែន! សុខចិត្តនៅ Single ដល់ចាស់ បើមិនអាចរកបុរសក្នុងក្ដីស្រមៃមាន ១១ ចំណុចនេះបាន
ថ្មីៗនេះ ផ្ទុះការវែកញែកពេញប្រព័ន្ធអ៊ីនធឺណេត ក្រោយមានករណីនារីម្នាក់ឈានចូលដល់វ័យ ៤១ ឆ្នាំ ប៉ុន្ដែនៅតែមិនអាចរកគូបាន ព្រោះតែនាងរកបុរសក្នុងក្ដីស្រមៃដែលមាន ១១ ចំណុចតាមចិត្តនាងមិនបាន។
ស្ត្រីម្នាក់ឈ្មោះថា Li កើតនៅឆ្នាំ ១៩៨២ ទីក្រុងសៀងហៃ ប្រទេសចិន បានរៀបរាប់ពីរឿងខ្លួនឱ្យដឹងថា៖ «ខ្ញុំបានកើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិសមរម្យ ហើយឪពុកម្ដាយខ្ញុំបានយកចិត្តទុកដាក់ទំនុកបម្រុងឱ្យខ្ញុំរៀន និងអប់រំបានយ៉ាងល្អ ដោយក្រៅពីរៀនចប់ថ្នាក់បណ្ឌិត ខ្ញុំថែមទាំងចេះលេងព្យាណូ, អុក, គូគំនូរ និងសិល្បៈអក្សរបុរាណថែមទៀត»។
«ខ្ញុំមានភាពវ័យឆ្លាត និងទេពកោសល្យពេញខ្លួន ប៉ុន្ដែខ្ញុំគិតថាខ្ញុំជាមនុស្សអភ័ព្វរឿងស្នេហា។ ដោយមកទល់ពេលនេះ ខ្ញុំនៅតែរកមនុស្សប្រុសត្រូវចិត្តមិនឃើញ។ មានប្រុសជាច្រើនតាមចែចង់ខ្ញុំ ប៉ុន្ដែគ្មាននរណាម្នាក់អាចបំពេញតាម ១១ ចំណុចដែលខ្ញុំចង់បាននោះឡើយ ដោយមានដូចជា៖
១. យ៉ាងតិចត្រូវរៀនចប់ថ្នាក់បរិញ្ញាបត្រ
២. ជាអ្នកដែលកើតនៅសៀងហៃ (លេខអត្តសញ្ញាណបណ្ណគឺត្រូវផ្ដើមក្បាលដោយលេខ ៣១០)
៣. មានរូបរាងសង្ហា ច្រមុះស្រួច ធ្មេញស មិនទំពែកក្បាល មិនពាក់វ៉ែនតា ឬម្ញូប
៤. ឪពុកម្ដាយក៏ត្រូវរស់នៅសៀងហៃ ហើយជាអ្នកសៀងហៃ
៥. កម្ពស់ចាប់ពី ១៨០ សម
៦. ត្រូវមានទ្រព្យសម្បត្តិផ្ទះ ឬវីឡា ដែលសាងសង់ក្រោយឆ្នាំ ២០១១
៧. មានឡានជិះ ហើយតម្លៃយ៉ាងតិច ១ លានយ័នឡើងទៅ (ប្រមាណ ១៤ ម៉ឺនដុល្លារ)
៨. កើតក្នុងចន្លោះឆ្នាំ ១៩៨០ ដល់ ១៩៨២
៩. ប្រាក់ខែប្រចាំឆ្នាំបន្ទាប់ពីបង់ពន្ធ មានយ៉ាងតិច ១ លានយ័នឡើងទៅ (ប្រមាណ ១៤ ម៉ឺនដុល្លារ)
១០. ចេះធ្វើការងារផ្ទះ
១១. ជាមនុស្សមិនធ្លាប់រៀបការ»៕