![ធ្ងន់.កហើយ! ទូរស័ព្ទទៅសង្សារមិនលើក ខឹងផងប្រចណ្ឌផង រត់ទៅដុតបន្ទប់ជួលសង្សារ តែដុតខុសចំបន្ទប់អ្នកផ្សេងឆេះរាលអស់ ៣ ផ្ទះ](https://www.popular.com.kh/wp-content/uploads/2023/04/FI1842.jpg)
ធ្ងន់.កហើយ! ទូរស័ព្ទទៅសង្សារមិនលើក ខឹងផងប្រចណ្ឌផង រត់ទៅដុតបន្ទប់ជួលសង្សារ តែដុតខុសចំបន្ទប់អ្នកផ្សេងឆេះរាលអស់ ៣ ផ្ទះ
កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមវៀតណាម ក្រោយប៉ូលិសចាប់ឃាត់ខ្លួនបុរសម្នាក់វ័យ ៣៣ ឆ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយលួចដុតបន្ទប់ជួលខុស មូលហេតុព្រោះតែខឹងប្រចណ្ឌសង្សារ។
តាមការចុះផ្សាយបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ Bach Ngoc Minh រស់នៅទីក្រុង Bien Hoa ខេត្ត Bac Lieu ប្រទេសវៀតណាម អាយុ ៣៣ ឆ្នាំ បានស្គាល់នារីម្នាក់ហៅកាត់ថា TTCM អាយុ ២៩ ឆ្នាំ រស់នៅបន្ទប់ជួលតំបន់ Tan Hoa ហើយក៏បានទាក់ទងគ្នាជាគូសង្សារ។
ដោយសារតែទើបស្រឡាញ់គ្នាថ្មីថ្មោង Bach Ngoc Minh ហាក់ហួងហែងគូស្នេហ៍ជាខ្លាំង ដោយនៅថ្ងៃកើតហេតុលោកមិនអាចទូរស័ព្ទទាក់ទងនាងបាន ក៏ខឹងក្នុងចិត្តជាខ្លាំងហើយគិតថានាងកំពុងនាំអ្នកថ្មីទៅបន្ទប់។ ដោយចិត្តគិតសង្ស័យផង ខឹងផង ថែមទាំងមានរឿងឈ្លោះគ្នាមុនពេលទាក់ទងសង្សារមិនបានទៀត Bach Ngoc Minh ក៏បានទៅដល់បន្ទប់ជួល ហើយក៏ចាក់សាំងដុត។
លោកបានសារភាពថា៖ «ដំបូងចង់ដុតតែបន្ទប់គូស្នេហ៍លោកនោះទេ ហើយគិតថាឆេះបន្ដិចនឹងមានអ្នកពន្លត់ហើយ តែមិនអាចចាំបន្ទប់បានហើយកម្រោលចូលផង ក៏សម្រេចចិត្តដុតទាំងមូលតែម្ដងទៅ តែមិននឹកស្មានថាឆេះខ្លាំងដល់ថ្នាក់នេះឡើយ»។
បច្ចុប្បន្ន Bach Ngoch Minh ត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីរៀបចំសំណុំរឿងតាមផ្លូវច្បាប់ ដោយលោកបានដុតបំផ្លាញផ្ទះអស់ចំនួន ៣ ខ្នង ហើយធ្វើឱ្យមនុស្សចំនួន ៣ គ្រួសាររងរបួសពីការឆេះ និងរលាក៕