ខ្ទេចគ្មានសល់! ទើបរៀបចំឆាកហើយមិនទាន់បានច្រៀងផង ខ្យល់ព្យុះប៉ើងអស់ហិនហោច
កាលពីពេលថ្មីៗ ប្រទេសថៃបានប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្ននូវការកើនឡើងកម្ដៅព្រះអាទិត្យ ខណៈអាកាសធាតុក្តៅខ្លាំងខុសពីសភាពធម្មតា ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់សុខភាព។ ទន្ទឹមនឹងប្រឈមនឹងកម្ដៅកើនឡើងហើយ ខេត្តមួយចំនួនរបស់ថៃ ក៏កំពុងរងឥទ្ធិលព្យុះរដូវក្ដៅដែរ។
តួយ៉ាង កាលពីពេលកន្លងទៅ នៅក្នុងខេត្ត Bueng Kan មានហេតុការដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារខ្យល់ព្យុះ លាយឡំភ្លៀងមួយមេធំនៅរដូវប្រាំងធ្វើឱ្យឆាកប្រគំតន្រ្តីមួយកន្លែងត្រូវបានដួលរលំខ្ទេចខ្ទីបាក់បែកគ្មានសល់ឡើយ។
ក្រោយរងគ្រោះដោយសារខ្យល់កន្រ្តាក់នេះ គេឃើញថា រោងតន្ត្រី ឆាក LED ដែលបានរៀបចំបាក់បែកយ៉ាងដំណំ ដែលគិតជាទឹកលុយនៃការខូចខាតអស់ខ្ទង់លានបាតឯណោះ។ យ៉ាងណាមិញ សម្រាប់ប្រជាពលរដ្ឋ និង ក្រុមសិល្បករដែលនៅទីតាំងកើតហេតុ គឺពុំមាននរណាម្នាក់រងរបួសឡើយ ពោលគឹខូចខាតតែសម្ភារប៉ុណ្ណោះ។ ក្នុងនោះ សម្រាប់ម្ចាស់ឆាកតន្ត្រីបានត្រឹមបង្ហោះរូបភាពបង្ហាញការសោកស្តាយដែលមិននឹកស្មានថាជួបនូវហេតុការណ៍នេះឡើយ៕