ម្ចាស់ហាង ពួយធ្វើនំខេករូបចម្លែកៗមានតាំងពីចៃឆ្កែ តុកកែ កង្កែប កំពុងផ្ទុះការចាប់អារម្មណ៍ព្រាត
មួយរយៈក្រោយនេះ គេសង្កេតឃើញថាមានផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ពីនំខេករូបចម្លែកៗដែលធ្វើជារូបសត្វប្លែកជាច្រើនប្រភេទមិនធ្លាប់មាន ដូចជាសត្វចៃឆ្កែ សត្វតុកកែ សត្វកង្កែប និងសត្វល្អិតផ្សេងៗទៀត ដែលធ្វើឱ្យមហាជនមួយចំនួនហាក់ខ្លាចរអា ខ្លះទៀតក៏គិតថាទំនង។
ពេលនេះគេបានរកឃើញហើយថា តាមពិតទៅប្រភពដើមនៃរូបនំខេកទាំងនេះបានចេញមកពីហាងមួយដែលមានឈ្មោះថា ហាង វ៉េតម៉ន នំ និងកាហ្វេ ដែលមានទីតាំងនៅផ្លូវ Khu Mueang តំបន់ That Choeng Chum ស្រុក Sakon Nakhon ខេត្ត Sakon Nakhon ប្រទេសថៃ។
តាមរយៈលោក Chalit Kulsari ម្ចាស់ហាងបានបញ្ជាក់ថា៖ «មូលហេតុដែលលោករកឃើញគំនិតនេះ គឺព្រោះតែខ្លួនចូលចិត្តមើលរឿងវេទមន្ដ និងមេធ្មប់ ហើយក៏បានទិញរបស់លេងដែលមានសត្វប្លែកៗទាក់ទងនឹងរឿងធ្មប់ជាដើម។ ហើយលោកក៏បានសាកធ្វើវាមកជានំខេក ដោយមិននឹកស្មានថាវាល្បីផ្ទុះឡើងនោះឡើយ។ បើទោះបីជាវារូបរាងមិនស្អាត តែក៏មានភ្ញៀវជាច្រើនងាកមកចាប់អារម្មណ៍ហើយបញ្ជាទិញ ដោយភាគច្រើនយើងលក់ដាច់ជាងគេគឺនំរូបសត្វចៃ និងតុកកែ ដែលមានស្នូរស្ត្របឺរី និងរសជាតិចម្រុះ»៕