ក្ដៅៗ! មន្ដ្រីចរាចរណ៍ ៣ រូប ត្រូវដកបញ្ឈរជើង ព្រោះឃាត់រថយន្តខុស ពេលកំពុងបើកបរភ្លើងស្តុបបៃតង
នាពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាបញ្ចេញមតិប្រតិកម្ម ក្រោយប៉ូលិសចរាចរណ៍ នៅទីតាំងស្ពានអាកាស ៥ មករា បានឃាត់រថយន្ដខុស ពេលកំពុងបើកបរភ្លើងស្តុបពណ៌បៃតង។
ទាក់ទិនទៅនឹងរឿងនេះ នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបកស្រាយបំភ្លឺ ឱ្យបានដឹងថា ក្រុមការងារបានស្រាវជ្រាវ និង កោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥ មករា ដើម្បីឱ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង ០៣ រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់ Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន។
ដូច្នេះហើយ មន្ត្រីចរាចរណ៍ចំនួន ០២ រូប និង មន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និង ដកមកបញ្ឈរជើង ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ