ស្អាតណាស់! ទិដ្ឋភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តខ្ចាស់ ត្រូវមហាជនសរសើរមិនដាច់ពីមាត់
ថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្រស់ដ៏ស្រស់ត្រកាលនៃវត្តអារាមខ្មែរ មួយកន្លែងស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
អារាមមួយកន្លែងនេះ ត្រូវបានគេស្គាល់ថា «វត្តប្រាសាទស្រះកណ្ដាល» ឬ អាចហៅម្យ៉ាងទៀតថា «វត្តខ្ចាស់» មានទីតាំងស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានចាប់ផ្ដើមកសាងឡើងកាលពីឆ្នាំ ២០១៣ និង ដឹកនាំកសាងដោយ ព្រះមហាធម្មាលង្ការោ ចាន់ សុជន ដែលបានបញ្ចប់ការសិក្សាជោគជ័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជានៅប្រទេស ស្រីលង្កា។
យ៉ាងណាមិញ ពេលថ្មីៗនេះវត្តប្រាសាទស្រះកណ្ដាល ឬ វត្តខ្ចាស់ នេះក៏បានធ្វើពិធីបញ្ចុះខណ្ឌសីមា ដោយបានបង្ហាញឱ្យឃើញពីទិដ្ឋភាពក្នុងវត្តធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍សរសើរ ពីសម្រស់ដ៏ស្រស់ត្រកាលនៃទីអារាមនោះ ហើយអ្វីដែលជាទីចាប់អារម្មណ៍នៃវត្តនេះគឺ ក្នុងបរិវេណវត្តគេឃើញមានសំណង់ព្រះវិហារមានរចនាបទខ្មែរយ៉ាងស្កឹមស្កៃ មានរូបបដិមា រូបដំរីមួយគូ រូបនាគ យ៉ាងស្អាតនៅចាំទទួលពុទ្ធបរិស័ទ ដែលបានចូលទៅដល់វត្តនេះ។
លើសពីនេះទៅទៀតក៏មានសួនច្បារមានដាំផ្កាចម្រុះពណ៌ជាច្រើន និង មានសំណង់ចេតិយពណ៌ស ព្រមទាំងពណ៌មាស យ៉ាងល្អស្អាតនៅទីនោះទៀតផង។មិនតែប៉ុណ្ណោះ ក្នុងបរិវេណវត្តនេះក៏មានព្រះពុទ្ធប្បដិមាអង្គធំកម្ពស់ ៨០ ម៉ែត្រ មានអគារទ្របីជាន់ជាសេនាសនៈសង្ឃ ដែលពុំធ្លាប់មានពីមុននៅកម្ពុជាយើង។
គួរបញ្ជាក់ដែរថា វត្តប្រាសាទស្រះកណ្ដាល ឬ វត្តខ្ចាស់នេះ មិនត្រឹមតែជាវត្តអារាមសក្ការៈបូជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជារមណីយដ្ឋានទេសចរណ៍ វប្បធម៌មួយកន្លែង ដែលមានប្រជាប្រិយភាពប្រចាំខេត្តបន្ទាយមានជ័យផងដែរ៕