ល្បីរឿងនៅទឹកឆា យកលុយពីរតង់ទម្រាំចូលដល់កន្លែងលេង ពេលនេះរដ្ឋបាលខេត្ត ចាត់វិធានការហើយ
នាពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាបង្ហោះប្រតិកម្ម ករណីចូលកម្សាន្តក្នុងរមណីយដ្ឋាន ទឹកឆា ឬក្បាលទឹក ក្នុងទឹកដីខេត្តកំពង់ចាម ដោយសារតែការកម្សាន្តនោះតម្រូវឱ្យបង់សេវាដល់ទៅពីរតង់។
ទាក់ទិនករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យបានដឹងថា រមណីយដ្ឋានទឹកឆា ត្រូវបានដាក់ឱ្យវិនិយោគស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយមានកិច្ចសន្យា និងសៀវភៅបន្ទុកត្រឹមត្រូវ គឺតម្រូវឱ្យភ្ញៀវបង់ថ្លៃសេវាតែមួយដងប៉ុណ្ណោះនៅច្រកចូលតំបន់រមណីយដ្ឋាន។
ជាក់ស្ដែង ចំពោះព័ត៌មានខាងលើ រដ្ឋបាលខេត្ត បានធ្វើការស្រាវជ្រាវភ្លាមៗ និងបានឃើញថាបញ្ហានេះបណ្តាលមកពីម្ចាស់កញ្ចុះ អាជីវករលក់ដូរអាហារមួយចំនួនតូច ក្នុងតំបន់រមណីយដ្ឋាន ទឹកឆា បានលួចបន្លំផលិត និងប្រើប័ណ្ណចូលរមណីយដ្ឋាន យកទៅប្រើប្រាស់ដើម្បីតម្រូវឱ្យភ្ញៀវបង់កម្រៃសេវាបន្ថែមទៀត ដោយគ្មានគោលការណ៍អនុញ្ញាតឡើយ។
ករណីនេះ រដ្ឋបាលខេត្តបានចាត់វិធានការភ្លាមៗ ដោយចុះអប់រំណែនាំអ្នកលក់ដូរទាំងនោះឱ្យបញ្ឃប់សកម្មភាពបន្លំចំពោះភ្ញៀវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលណាដែលបន្តធ្វើសកម្មភាពខុសឆ្គងបែបនេះតទៅទៀត៕
ប្រភព ៖ រដ្ឋបាលខេត្តកំពង់ចាម