(វីដេអូ) សង្ក្រាន្តឆ្នាំថ្មី ៣ ថ្ងៃ តើប្រជាជនខ្មែរតែងនាំគ្នាធ្វើអ្វីខ្លះ? តស់! មកដឹងត្រួសៗទាំងអស់គ្នា!
ជារៀងរាល់ឆ្នាំឱ្យតែដល់ខែមេសា ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦ ជនានុជនខ្មែរទាំងប្រុសស្រី មិនថាក្នុងប្រទេស ឬ ក្រៅប្រទេសនោះទេ តែងនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឬ ហៅថា សង្ក្រាន្តឆ្នាំថ្មី ដែលជាពិធីបុណ្យជាតិខ្មែរមួយមានប្រវត្តិកាលដ៏យូរលង់ណាស់មកហើយ ក្នុងន័យផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ដើម្បីនាំសុខសេរីសួស្តីដល់ជនានុជនខ្មែរទាំងឡាយ។
យ៉ាងណាមិញ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ឬ សង្ក្រាន្តឆ្នាំថ្មី ក្នុងឆ្នាំ ២០២៣ នេះដែរ គឺត្រូវចំនឹងថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា កន្លងទៅថ្មីៗនេះ ដែលទេវធីតាបានយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី (បុត្រទី ៦) គង់នៅចាតុម្មហារាជិកា ភក្សាហារ ចេកណាំវ៉ា ឬ ចេកទឹក ទ្រង់អម្ពរពណ៌ សេត (ពណ៌ស) សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ (ចាប៉ី) គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ។
ចង់ដឹងឬទេ ក្នុងពិធីបុណ្យចូលឆ្នាំឆ្នាំថ្មីទាំង ៣ ថ្ងៃ មានដូចជា ថ្ងៃមហាសង្ក្រាន្ត ថ្ងៃវ័នបត និង ថ្ងៃឡើងស័ក តើជនានុជនខ្មែរទាំងប្រុសស្រី នាំគ្នាធ្វើអ្វីខ្លះ? តស់! មកដឹងត្រួសៗទាំងអស់គ្នា ៖
១. ថ្ងៃមហាសង្ក្រាន្ត
នៅក្នុងថ្ងៃមហាសង្ក្រាន្ត ឬ ថ្ងៃទី ១ ប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រី តែងនាំគ្នារៀបចំពលិការ គ្រឿងសក្ការបូជា មានផ្លែឈើ នំនែក ភេសជ្ជៈ ធូបទៀន អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ទេវបត្រ ទេវធីតាឆ្នាំថ្មី តាមគេហដ្ឋាន ជាមួយនឹងការបន់ស្រន់លះបង់ចិត្តគំនិតមិនល្អមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា ឧបេក្ខា និង បញ្ហា ធ្វើបុណ្យរក្សាសីល ដើម្បីទទួលបានពរសព្ទសាធុការពីទេវធីតាឆ្នាំ និង មានសិរីសួស្តីក្នុងជីវិត។ ក្រោយពីរៀបចំពិធីទទួល និង បួងសួងដល់ទេវធីតាឆ្នាំថ្មីរួចហើយ ជាទម្លាប់ទៀតនោះប្រជាពលរដ្ឋខ្មែរទាំងឡាយ តែងនាំគ្នាទៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និង ស្តាប់ធម៌ទេសនា។
២. ថ្ងៃវ័នបត
ចូលដល់ថ្ងៃទី ២ ឬ គេហៅថា ថ្ងៃវ័នបត វិញ ប្រជាពលរដ្ឋខ្មែរ តែងនាំគ្នារៀបចំទេយ្យវត្ថុជូនដល់លោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និង នាំគ្នាទៅវត្តជុំគ្រួសារ ជីដូនជីតា ឪពុកម្តាយ ដូចថ្ងៃមហាជសង្ក្រាន្ត ឬ ថ្ងៃទី ១ ដែរ។ បន្ទាប់ពីបានធ្វើកិច្ចទាំងនោះចប់ ប្រជាពលរដ្ឋខ្មែរយើង ក៏តែងនាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ ដូចជា ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម លាក់កន្សែង ស្តេចចង់ និង លាក់កូនមាន់ ជាដើម នៅតាមភូមិស្រុក ឬ ក្នុងទីវត្ត ជាមួយនឹងការច្រៀងរាំកម្សាន្តសប្បាយ តាមចង្វាក់ប្រជាប្រិយខ្មែរផងដែរ។
៣. ថ្ងៃឡើងស័ក
ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថា ថ្ងៃឡើងស័ក។ តាមទំនៀមទម្លាប់ខ្មែរ នៅក្នុងថ្ងៃឡើងស័កនេះ ប្រជាពលរដ្ឋខ្មែរតែងនាំគ្នាទៅធ្វើបុណ្យឆ្លងនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និង ជាពិសេសគឺធ្វើពីធីស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់ឆ្នាំថ្មី។ អស់កិច្ចនៅឯវត្តពេលណា ជាទម្លាប់ខ្មែរដែរនោះ គឺនៅតាមគ្រួសារនីមួយៗសមាជិកគ្រួសារជាកូនចៅ ចៅទួត តែងនាំគ្នាស្រង់ព្រះរស់នៅឯផ្ទះម្តង ដែលគេមានរៀបចំជាទឹកស្អាតមានក្លិនក្រអូបទៅដោយផ្កាឈូក ផ្កាម្លិះ ប្រើផ្តិលស្អាន់ ឬ សំរិទ្ធិសម្រាប់ដួសស្រង់ជូនជីដូនជីតា ឪពុកម្តាយ ជាដើម ដើម្បីសុំពរជ័យពីលោក។
ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់នោះ តស់! ចុចទស្សនាវីដេអូខាងក្រោមនេះ ៖