អបអរសាទរ! សៀមរាប បាត់ដំបង កំពង់ចាម ឈ្នះដាច់គេ មានអ្នកទៅលេងច្រើនបំផុតថ្ងៃចូលឆ្នាំ
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១៣ លាននាក់ ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមរបាយការណ៍បានបង្ហាញឱ្យដឹងថា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ១៣ ១៨៧ ៧៧១ នាក់ ដែលក្នុងនោះមានភ្ញៀវជាតិ ១៣ ១៣២ ០៨០ នាក់ និង ភ្ញៀវអន្តរជាតិ ៥៥ ៦៩១ នាក់ ខណៈដែលតួលេខប្រចាំថ្ងៃមានដូចជា ៖ ថ្ងៃទី ១៤ ខែមេសា ភ្ញៀវមានចំនួន ២ ០៩៨ ៥០១ នាក់, ថ្ងៃទី ១៥ ខែមេសា មានភ្ញៀវចំនួន ៤ ២៣៧ ៧៨០ នាក់ និង ថ្ងៃទី ១៦ ខែមេសា ភ្ញៀវមានចំនួន ៦ ៨៥១ ៤៩០ នាក់។
ជាមួយគ្នានោះដែរ របាយការណ៍ក្រសួងក៏បានបញ្ជាក់ដែរថា ក្នុងនោះខេត្ត ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង ៣ សម្រាប់រយៈពេល ៣ ថ្ងៃរួមមាន៖
១. ខេត្តសៀមរាប ២ ១២០ ៣៧៣ នាក់
២. ខេត្តបាត់ដំបង ១ ៥០០ ១៦៨ នាក់
៣. ខេត្តកំពង់ចាម ១ ៤០៨ ៨១១ នាក់
ទន្ទឹមនឹងនេះ ក្រសួងក៏បានបញ្ជាក់បន្ថែមឱ្យដឹងដែរថា សម្រាប់រយៈពេល ៣ ថ្ងៃនោះចរន្តភ្ញៀវដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំ សហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សម្បូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និង ការធានាបាននូវសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស៕