ក្ដៅៗ! នៅថៃអ្នកដែលលក់កាំភ្លើងបាញ់ទឹកមានកម្លាំងខ្លាំង ប្រឈមនឹងជាប់គុករហូតដល់ ៣ ឆ្នាំ
កាលពីថ្មីៗនេះ ថៃបានចេញសេចក្ដីប្រកាសហាមប្រាមចំនួន ៩ ចំណុចដែលមិនគួរធ្វើនៅថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី ដោយក្នុងនោះមានការហាមឃាត់មិនឱ្យប្រើប្រាស់កាំភ្លើងបាញទឹកដែលមានសម្ពាធខ្ពស់ ឬ កម្លាំងខ្លាំង ងាយបង្កគ្រោះថ្នាក់។
បន្ថែមពីការហាមឃាត់ មន្ត្រីពាណិជ្ជកម្មថៃបានចេញសេចក្ដីព្រមានជាសាធារណៈថា៖ «ហាមឃាត់ដាច់ខាតការលក់កាំភ្លើងបាញ់ទឹកដែលមានសម្ពាធខ្ពស់ ឬ កម្លាំងខ្លាំង ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬ ពិន័យជាសាច់ប្រាក់ចំនួន ៦០ ម៉ឺនបាត (ប្រមាណ ១៧ ៦០០ ដុល្លារ) ដោយមិនមានការលើកលែង»។
«មិនថានៅទីក្រុង ឬ តាមបណ្ដាខេត្តនោះទេ គឺអាជីវករទាំងអស់មិនត្រូវលក់កាំភ្លើងបាញ់ទឹកកម្លាំងខ្លាំងដាច់ខាត ហើយចំពោះការនាំចូលពីក្រៅប្រទេសក៏ត្រូវបញ្ឈប់ជាបន្ទាន់។ ដោយការធ្វើនេះក្នុងគោលបំណងឱ្យពិធីបុណ្យសង្ក្រាន្តថៃធ្វើឡើង ដោយភាពសប្បាយរីករាយ មិនមែនជាការបង្កគ្រោះថ្នាក់នោះឡើយ ហើយសុំលើកទឹកចិត្តឱ្យប្ដូរមកប្រើវិធីលេងជះទឹកបែបបុរាណដោយប្រើផ្ដិល និងយកដៃបាចជំនួសវិញ»៕