ស្អុយមាត់ខ្លាំងពេក ដល់ថ្នាក់អ្នកជុំវិញខ្លួនមិនចង់នៅក្បែរ ទីបំផុតទៅពេទ្យទើបដឹងថាកើតមហារីកអណ្តាត
បុរសម្នាក់ មាត់ស្អុយខ្លាំងពេក ដល់ថ្នាក់នៅជិតប្រពន្ធមិនបាន ដល់ទៅពេទ្យពិនិត្យមើល ទើបដឹងថាកើតមហារីកអណ្តាត។
បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីជាប្រពន្ធប្រាប់ថាប្ដីស្អុយមាត់ខ្លាំង ដោយដំបូងស្មានថាដុសធ្មេញមិនស្អាត តែយូរទៅកាន់តែស្អុយទៅៗ តែបញ្ហាមិនមែនមកពីការដុសធ្មេញទេ ទើបនាងក៏បាននាំប្តីទៅពេទ្យពិនិត្យចេញម្តង។ ពេទ្យក៏បានពិនិត្យច្រមុះ ត្រចៀក មាត់ មើលទៅទើបដឹងថា ប្តីរបស់នាងបានកើតមហារីកអណ្តាតដំណាក់កាលទី ២ ទៅហើយ។
គ្រូពេទ្យបានឱ្យដឹងថា មហារីកអណ្តាតនេះ គឺកើតពីការកកើតកោសិកាក្នុងអណ្តាតច្រើន ដែលបណ្តាលឱ្យដុះទៅជាដុំសាច់បរិវេណអណ្តាត ថែមទាំងអាចឆ្លងរាលដាលទៅក្នុងបរិវេណផ្សេងៗក្នុងមាត់ទៀតផង។ អ្នកដែលកើតជំងឺនេះ ភាគច្រើនមានដំបៅនៅអណ្តាត ឈឺអណ្តាត ងាយចេញឈាម ស្ពឹកមាត់ និង ឈឺនៅពេលលេបអាហារ។ ជាពិសេសមនុស្សប្រុស គឺងាយនឹងប្រទះជំងឺនេះណាស់។ យ៉ាងណាមិញ គេមិនទាន់កំណត់មូលហេតុ នៃការបង្កជំងឺមហារីកអណ្តាតនេះបាននៅឡើយទេ តែគេឃើញថាភាគច្រើនមនុស្សដែលកើតមានជំងឺនេះ គឺមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ ជាពិសេសជំងឺនេះ កើតមានចំពោះអ្នកដែលចូលចិត្តជក់បារី ផឹកស្រា និង អ្នកថែរក្សាអនាម័យមាត់ធ្មេញមិនបានល្អជាដើម៕