ទុរេនជាង ១០០ គីឡូ ត្រូវគេយកបោះចោលក្នុងព្រៃ ផ្អើលអស់អ្នកស្រុកដណ្ដើមគ្នាយក
កំពុងពេញថ្លៃផង មិនដឹងអ្នកណាយកទុរេនជាង ១០០ គីឡូ មកបោះចោលក្នុងព្រៃ ផ្អើលអស់អ្នកស្រុកតម្រៀបគ្នាមកចាំភ្លក់។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ មានគេប្រទះឃើញទុរេនជាច្រើនផ្លែ ចាក់គរចោលនៅតាមចិញ្ចើមផ្លូវ នាភូមិមួយកន្លែង ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ បើតាមអ្នកស្រុកដែលបានចូលទៅមើល បានឱ្យដឹងថា ទុរេនទាំងនេះ បើគិតត្រួសៗទៅគឺប្រមាណជា ១០០ គីឡូ មានទាំងផ្លែទុំ និង ផ្លែមិនទាន់ទុំ ហើយផ្លែខ្លះក៏ញ៉ាំបាន ផ្លែខ្លះទៀតបានរលួយទៅហើយ។
យ៉ាងណាមិញ ទុរេនទាំងអស់នេះ ត្រូវបានគេសង្ស័យថា ប្រហែលជាមានចោរលួចយកមកលក់ ប៉ុន្តែលក់មិនដាច់ ទើបយកមកទុកចោលបែបនេះតែម្តង។ ដោយឡែក មានអ្នកស្រុកមួយចំនួន ក៏បានយកផ្លែខ្លះទៅហូបផងដែរ ព្រោះពេលនេះទុរេនកំពុងថ្លៃផង ម្យ៉ាងទៀតមើលទៅម្ចាស់ក៏ប្រហែលមិនតាមមកយកវិញដែរ៕