សាលាក្រុងភ្នំពេញ ជូនដំណឹងឱ្យលេងតែល្បែងប្រជាប្រិយ និង ចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក
នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី «ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ» ដែលនឹងមកដល់នាពេលឆាប់ៗនេះ ដោយបានលើកឡើងចំនួន ៤ ចំណុចសំខាន់ៗ។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈក្នុងរាជធានី ក៏ដូចជា ដើម្បីរក្សាបាននូវប្រពៃណីជាតិ និង សេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី សិស្ស និស្សិត និង កម្មករ កម្មការិនីទាំងអស់ឱ្យអនុវត្តគោលការណ៍ដូចជា ៖
១. គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
២. ទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និង មានម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ចរន្តអគ្គិសនី ដើម្បីរក្សានូវទ្រព្យសម្បត្តិ ក៏ដូចជាអាយុជីវិតខ្លួនឯង និង អ្នកដទៃ។
៣. ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និង ចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹកគប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ ជាដើម។
៤. ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និង អនាម័យ ចៀសវាងការឆ្លងជំងឺផ្សេងៗ។
ដោយឡែក សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានក្នុងសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម៕