ស្អាតណាស់! ទិដ្ឋភាពក្រុងបាត់ដំបងនាពេលរាត្រី មានលម្អភ្លើងពណ៌តាមផ្លូវចិញ្ចាច ត្រៀមចូលឆ្នាំថ្មី
ដើម្បីត្រៀមអបអរ និង ទទួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតមកដល់ ខេត្តជាច្រើនបានរៀបចំតុបតែងលម្អ ព្រមទាំងរៀបចំធ្វើព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីប្រចាំខេត្ត ដើម្បីប្រជាពលរដ្ឋបានលេងសប្បាយ។
ទន្ទឹមនឹងនេះ ខេត្តបាត់ដំបងក៏បានប្រកាសកាលបរិច្ឆេទសង្រ្កាន្តឆ្នាំថ្មីដែលធ្វើក្នុងខេត្តខ្លួនផងដែរ ដោយនឹងធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខ។ បន្ទាប់ពីបានប្រកាសថានឹងមានរៀបចំសង្ក្រាន្តប្រចាំខេត្តហើយ ពេលនេះក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក៏បានបង្ហាញពីទិដ្ឋភាពបណ្តើរៗក្នុងខេត្ត ក្រោយបានរៀបចំតាមទីតាំងមួយចំនួន ពិសេសក្នុងក្រុងតែម្តង។
អ្វីដែលចាប់អារម្មណ៍ បើងាកទៅមើលក្នុងពេលរាត្រីនៅក្រុងបាត់ដំបងវិញ គេឃើញមានការតុបតែងរៀបចំតាំងភ្លើងតាមដើមឈើនៅតាមដងផ្លូវសំខាន់ៗជាច្រើន មើលទៅស្រស់ស្អាតទាក់ភ្នែកណាស់។
ជាក់ស្តែងតាមហ្វេសប៊ុកផេកបាត់ដំបង ផ្ទះខ្ញុំ ក៏បានបង្ហោះពីរូបភាពនាពេលរាត្រីក្នុងក្រុងបាត់ដំបងនោះផងដែរ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ដែលទិដ្ឋភាពពិតជាស្រស់ស្អាត និង គួរឱ្យចង់ទៅលេងកម្សាន្ត និង ទស្សនាខ្លាំងណាស់ ៕
រូបភាពដោយ៖ បាត់ដំបង ផ្ទះខ្ញុំ