ក្ដៅៗ! អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវគេឃាត់ខ្លួនពាក់ព័ន្ធបទឧក្រិដ្ឋ ៣៤ ករណី
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួនក្នុងតុលាការនៅក្រុងញ៉ូយ៉ក ក្រោយជាប់ចោទពីបទឧក្រិដ្ឋចំនួន ៣៤ ករណីលើការក្លែងបន្លំកំណត់ត្រាអាជីវកម្មរបស់លោក។
កាលពីរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ (ពេលវេលាក្នុងតំបន់) លោក ដូណាល់ ត្រាំ បានទៅដល់ទីក្រុងញ៉ូយ៉ក បង្ហាញខ្លួនក្បែរមេធាវី មុនពេលលោកចៅក្រម Juan Mercan លើកឡើងពីការចោទប្រកាន់ចំពោះលោក។ តាមការបញ្ជាក់ពីព្រះរាជអាជ្ញា Chris Conroy បានឱ្យដឹងថា៖ «ជនជាប់ចោទ Donald J. Trump បានធ្វើការក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅក្រុងញ៉ូយ៉ក ដើម្បីលាក់បាំងអំពើឃុបឃិតខុសច្បាប់ ធ្វើឱ្យខូចសុចរិតភាពនៃការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០១៦ និង ការបំពានច្បាប់បោះឆ្នោតផ្សេងៗទៀត»។
យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានធ្វើការបដិសេធលើការចោទប្រកាន់នោះទាំងស្រុង ដោយលោកឆ្លើយតបវិញថា៖ «ខ្ញុំគ្មានបានធ្វើកំហុសអ្វីទេ»។ លោក ដូណាល់ ត្រាំ ត្រូវបានលោកចៅក្រម Mercan ប្រកាសឱ្យនៅក្រៅឃុំ ដោយមិនចាំបាច់ស្នើសុំការនៅក្រៅឃុំ។ ចំពោះកាលបរិច្ឆេទឡើងតុលាការបន្ទាប់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៤ ខែធ្នូ ខាងមុខ ហើយចំពោះការកាត់ក្ដី អាចនឹងចាប់ធ្វើឡើងនៅខែមករា ឆ្នាំ ២០២៤ កៀកនឹងពេលចាប់ផ្ដើមការបោះឆ្នោតជាបឋមរបស់ប្រធានាធិបតី៕