មហាជនសោកស្ដាយណាស់! កែវ សុខផេង សម្រេចព្យួរស្បែកជើងពីសមរភូមិវាលស្មៅហើយ
នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីផេក Visakha FC – Pride of Cambodia ដែលជាផេកអ្នកគាំទ្ររបស់ក្លិបបាល់ទាត់ វិសាខា បានប្រកាសថា កីឡាករបាល់ទាត់ កែវ សុខផេង សម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ។
តាមរយៈផេកខាងលើបានរៀបរាប់ថា៖ «ក្លិបរបស់យើង មានកិត្តិយសជម្រាបបងប្អូនសាធារណជនថា កីឡាករ កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ ចាប់ពីថ្ងៃនេះតទៅ។ ការសម្រេចព្យួរស្បែកជើងពីអាជីពលើសមរភូមិវាលស្មៅនេះ ដោយសារកត្ដារបួសរាំរ៉ៃ មិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូចជាការចង់ផ្ដល់ឱកាសឱ្យសិស្សប្អូនជំនាន់ក្រោយបានបង្ហាញសមត្ថភាព និង ជួយក្លិប។ តាំងនាមថ្នាក់ដឹកនាំក្លិប គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ និង កីឡាករទាំងអស់ សូមគោរពនូវការសម្រេចចិត្តនេះ ហើយក៏សូមថ្លែងអំណរគុណ សុខផេង សម្រាប់ការខិតខំប្រឹងប្រែងជួយក្រុមរបស់យើង អស់រយៈពេលជាច្រើនរដូវកាលកន្លងមក»។
ក្រោយពីឃើញការបង្ហោះពីការចូលនិវត្តន៍កីឡាករបាល់ទាត់ កែវ សុខផេង ខាងលើនេះហើយ ក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ និង បានគាំទ្រនៃការសម្រេចចិត្តរបស់លោក ព្រមទាំងបានជូនពរដល់លោក កែវ សុខផេង ក្នុងដំណើរបន្តលើអាជីពក្រៅពីកីឡាបាល់ទាត់ផងដែរ៕