ក្ដៅៗ! ក្រោយមានអ្នកកាត់តវីដេអូរិះគន់ជាថ្មី អ្នកស្រី តាំង ហ្គិចលៀង បង្ហោះសារវែងអន្លាយមុននេះ រៀបរាប់យ៉ាងរំជួលចិត្ត
ជុំវិញវិញប្រធានបទ «អ្នកមានអ្នកក្រ» មកដល់ពេលនេះ លើបណ្ដាញសង្គមហាក់នៅតែជាប្រធានបទដ៏ក្ដៅគគុក ដោយមហាជនអ្នកលេងបណ្ដាញសង្គមបន្តផ្ទុះការវែកញែកខ្លាំងដដែល ជាពិសេសថ្មីៗនេះបន្ទាប់ពីឃើញវីដេអូកាត់តមួយទៀតបានបង្ហោះ រឹតតែមានការចែករំលែកពាសពេញបណ្ដាញសង្គម និង មានការរិះគន់កាន់តែខ្លាំងៗឡើងទៀត។
ក្រោយវីដេអូកាត់តមួយនោះ កំពុងទទួលបានការផ្ទុះប្រតិកម្មវែកញែកខ្លាំងពីសំណាក់មហាជនអ្នកលេងតាមបណ្ដាញសង្គមជាថ្មី ស្រាប់តែពេលនេះ អ្នកស្រី តាំង ហ្គិចលៀង ក៏បានចេញមកបង្ហោះសារ អង្វរដល់បងប្អូនមហាជនទាំងអស់ ព្រោះថាគោលបំណងល្អរបស់លោកស្រីត្រូវបានរលាយអស់ហេីយ ដោយសារតែលោកស្រីខ្សោយនូវសិល្ប: និង អក្សរសីលខ្មែរ ក្នុងការនិយាយឬនិយាយ។ លោកស្រីបាននិយាយទៀតថា លោកស្រីចេះនិយាយបានតែពាក្យសាមញ្ញៗ ទើបធ្វេីអោយមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត។
នេះគឺជាសារទាំងស្រុងរបស់អ្នកស្រី តាំង ហ្គិចលៀង ៖ «ចា៎ជម្រាបសួរបងប្អូនខ្មែរទាំងអស់ ទាំងនៅក្នុងស្រុក និង នៅក្រៅស្រុក ខ្ញុំសុំអង្វរបងប្អូនទាំងអស់គ្នាថា គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហេីយ ដោយសារខ្ញុំខ្សោយនូវសិល្បៈ និង អក្សរសិល្ប៍ខ្មែរ ក្នុងការនិយាយ ឬនិយាយដោយឡែក គឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ ដែលធ្វេីឱ្យមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត ពិសេសគឺធ្វេីឱ្យសម្តេចពុក ហត់នឿយច្រេីនណាស់ដោយសារកំហុសរបស់នាងខ្ញុំនេះ។
ហេតុនេះនាងខ្ញុំសុំលំឱនកាយសំពះអង្វរបងប្អូនទាំងអស់មេត្តាខន្តីអភ័យទោសដល់កំហុសដោយអចេតនារបស់នាងខ្ញុំនេះផងចុះ ពិសេសសូមបងប្អូនមេត្តាគោរពនូវខ្លឹមសារនៃការបកស្រាយរបស់សម្តេចពុក (សម្តេចតេជោ) ផង ដោយសារប៉ុន្មានថ្ងៃនេះមានការលួចក្លែងបន្លំផេគរបស់នាងខ្ញុំ។ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា នៅក្រសួងមហាផ្ទៃ រួចរាល់ហេីយព្រឹកនេះ។
ហេតុនេះសូមបងប្អូនមេត្តាបញ្ឈប់នូវសកម្មភាពខុសឆ្គងនេះទៅ ដេីម្បីជួយរក្សានូវសណ្នាប់ធ្នាប់ សន្តិសុខសង្គម ព្រោះនាងខ្ញុំ និង បងប្អូនសុទ្ធតែជាខ្មែរដូចគ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ហេតុនេះការផ្តល់នូវអភ័យឱ្យគ្នាទៅវិញទៅមក គឺជាបុណ្យកុសលធំធេងណាស់ ព្រោះលេីលោកនេះគ្មានអ្នកណាដែលមិនចេះខុសនោះទេ តែសំខាន់ចេះទទួលស្គាល់កំហុសដោយសុទ្ធចិត្ត និង កែប្រែនូវកំហុសនោះឯង ។
នាងខ្ញុំសូមគោរពអរគុណបងប្អូនអ្នកគាំទ្រ និង អ្នកមិនគាំទ្រខ្ញុំទាំងអស់ បងប្អូនគឺជាអ្នកដែលបានផ្តល់នូវមេរៀនល្អៗផ្សេងៗគ្នាឱ្យនាងខ្ញុំ កាន់តែរឹងមាំ និង ល្អប្រសេីរទៅអនាគត។ សូមបងប្អូនទាំងអស់ មេត្តាអភ័យទោស និង សូមចូលរួមរក្សានូវសណ្តាប់ធ្នាប់សង្គម ដេីម្បីរស់នៅក្រោមដំបូលសន្តិភាពនិងអភិវឌ្ឍសង្គមនិងក្រុមគ្រួសារយេីងទាំងអស់គ្នា»៕