តស់ៗគ្នាយើង! «ភូមិវិចិត្រករឯក» នៅអង្គរសង្រ្កាន្ត លេចចេញរូបរាងបាន ៨០ ភាគរយ មើលពីជ្រុងណាក៏ស្អាត
នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ នេះហ្វេសប៊ុកផេក ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានបង្ហោះរូបភាពបង្ហាញពីទិដ្ឋភាព «ភូមិវិចិត្រករឯក» ដែលបានទាក់ទាញចិត្តអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាខ្លាំងជាមួយនឹងទិដ្ឋភាព ដ៏ស្រស់ពីការរៀបចំកន្លែងកម្សាន្តសប្បាយនេះ។
គួរដឹងដែរថា «ភូមិវិចិត្រករឯក» នឹងនាំមកនូវការតាំងបង្ហាញស្នាដៃ គំនូរប្រាង្គប្រាសាទបុរាណខ្មែរ ទេសភាពស្រស់ល្អឯករបស់វិចិត្រករប្រចាំតំបន់សៀមរាប និង មកពីបណ្ដាខេត្តផ្សេងៗបូករួមទាំងគំនូរ បុរាណ លាយសម័យទំនើប និង សិល្បៈគំនូរតាមបច្ចេកវិទ្យាថ្មី។
មិនតែប៉ុណ្ណោះ «ភូមិវិចិត្រករឯក» ក៏នឹងនាំមកនូវសកម្មភាពសប្បាយប្លែកមួយចំនួនដូចជា គំនូរបែបថ្លុកកំប្លែង និង ផ្សេងៗទៀត ដែលភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ ទាំងអស់អាចចូលទៅទស្សនា សិក្សាស្វែងយល់អំពីខ្លឹមសារសង្វាក់ផលិតកម្ម ដែលសិល្បករនឹងបង្ហាញជូន ព្រមទាំងអាចចូលរួមសាកល្បងធ្វើដោយខ្លួនឯងបានទៀតផង។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងធ្វើឡើងរយៈពេល ៤ ថ្ងៃចាប់ពីព្រឹកថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ៕
រូបភាពដោយ ៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និង កម្មវិធីវិចិត្រករឯក អង្គរសង្រ្កាន្តឆ្នាំ ២០២៣