ខ្ចីលុយគេជាង ២ ម៉ឺនដុល្លារមកការ តែបាន ៧ ថ្ងៃប្ដឹងលែងវិញ ព្រោះប្រពន្ធមិនព្រមជួយសងលុយ
រឿងរ៉ាវចម្រូងចម្រាស់រវាងគូស្វាមីភរិយាថ្មីថ្មោងមួយគូ ហាក់ធ្វើឱ្យមហាជនលើប្រព័ន្ធអ៊ីនធឺណេតចាប់អារម្មណ៍ជាខ្លាំង ក្រោយទើបរៀបការបាន ៧ ថ្ងៃប្ដឹងលែងគ្នាវិញ ព្រោះខាងស្រីមិនព្រមជួយសងបំណុលជំពាក់គេជាង ២ ម៉ឺនដុល្លារ។
បុរសម្នាក់ឈ្មោះ Liu មកពីខេត្ត Liaoning ប្រទេសចិនបានរៀបរាប់ថា ៖ «ក្រោយចប់ថ្នាក់វិទ្យាល័យ ខ្ញុំមិនបានរៀនតទេ ដោយខ្ញុំបានប្ដូរមករស់នៅទីក្រុង ហើយរកការងារធ្វើ ដោយមួយខែលោកអាចរកចំណូលបានខ្ទង់ ៦ ០០០ យ័ន (ប្រមាណ ៨០០ ដុល្លារ)។ គ្រួសារខ្ញុំពុំសូវជាមានប្រាក់ច្រើនប៉ុន្មានឡើយ ដែលជាហេតុធ្វើឱ្យខ្ញុំពិបាកក្នុងការស្វែងរកគូស្រករ។ ខ្ញុំបានជួលមេអណ្ដើកឱ្យរកគូស្នេហ៍ ហើយក៏បានស្គាល់នារីម្នាក់ក្នុងភូមិឈ្មោះ Ton»។
«ក្រោយបានជួបគ្នាពួកយើងហាក់មាននិស្ស័យ ហើយក៏មានចិត្តឱ្យគ្នា រហូតក្លាយជាស្នេហា និង សម្រេចចិត្តរៀបការ ដោយគ្រួសារ Ton បានបង្គាប់ថ្លៃបណ្ណាការចំនួន ៣៨០ ០០០ យ័ន (ប្រមាណ ៥៥ ០០០ ដុល្លារ)។ តែពួកយើងប្រមូលលុយដែលខំសន្សំបានខ្វះជាង ១៥០ ០០០ យ័ន (ប្រមាណជាង ២០ ០០០ ដុល្លារ) ទៀត។ ហើយក៏សម្រេចចិត្តខ្ចីបំណុលគេមករៀបការ»។
«លុះរៀបការរួចខ្ញុំក៏បានប្រាប់រឿងនេះទៅភរិយាខ្ញុំ នៅពេលដឹងនាងក៏ភ្ញាក់ផ្អើល ហើយនិយាយថា រឿងបំណុលនាងមិនដឹងទេ ហើយនោះជាថ្លៃបណ្ណាការដែលគ្រួសារនាងជាអ្នកបង្គាប់ ហេតុអ្វីបាននាងត្រូវជួយចេញសង រឿងនេះខ្ញុំគួរតែជាអ្នកទទួលខុសត្រូវ។ ហើយពួកយើងក៏បានប្រកែកគ្នា ដោយខ្ញុំបានប្រាប់នាងវិញថា ព្រោះតែយើងរៀបការជាប្ដីប្រពន្ធ ចឹងយើងគួរតែជួយសម្រាលបន្ទុកគ្នា ហើយម្យ៉ាងលុយនេះគឺយករៀបចំពិធីមង្គលការយើងមិនមែនចាយតែខ្ញុំម្នាក់ឯណា»។
«ទោះពន្យល់យ៉ាងណានាងក៏នៅប្រកែក ហើយសួរខ្ញុំថាជំពាក់គេប៉ុន្មានតែខ្ញុំបានកុហកថា ត្រឹមតែ ១០ ម៉ឺនយ័នប៉ុណ្ណោះ តែនាងនៅតែប្រកែកមិនចូលរួម។ ហើយពួកយើងក៏ចាប់ផ្ដើមសោះអង្គើយដាក់គ្នា។ ត្រឹមរយៈពេល ១ សប្ដាហ៍ជីវិតអាពាហ៍ពិពាហ៍របស់យើងក៏ដើរដល់ផ្លូវបំបែក។ ហើយខ្ញុំក៏បានប្ដឹងទារសងថ្លៃបណ្ណាការមួយចំនួនផងដែរ»៕