
អ្នកវិទ្យាសាស្ត្ររកឃើញថា នៅថ្ងៃអនាគត មនុស្សយើងអាចរស់នៅដល់អាយុ ១៤១ ឆ្នាំ
បច្ចុប្បន្ន បើនិយាយដល់អាយុ ៨០ ទៅ ៩០ ឆ្នាំ គ្រប់គ្នាប្រាកដជាគិតថា អាយុវែងណាស់ហើយ ប៉ុន្តែនៅថ្ងៃអនាគតខាងមុខ អាយុត្រឹម ៩០ ឆ្នាំ អាចមិនចាត់ទុកថាវែងទៀតនោះទេ ព្រោះអ្នកវិទ្យាសាស្ត្របានរកឃើញថា អនាគតកាល មនុស្សយើងអាចមានអាយុរហូតដល់ ១៤១ ឆ្នាំឯណោះ។
តាមការអះអាងរបស់វេជ្ជបណ្ឌិត David McCarthy ជំនួយការសាស្ត្រាចារ្យនៅមហាវិទ្យាល័យ Georgia សហរដ្ឋអាមេរិក បាននិយាយថា ថ្ងៃអនាគត វាអាចទៅរួចដែលមនុស្សប្រុស អាចរស់រានដល់អាយុ ១៤១ ឆ្នាំ និង មនុស្សស្រីអាចរស់នៅដល់ជាង ១៣០ ឆ្នាំ។ សំនួរចោទសួរថា «ហេតុអីបានជាមនុស្សអាចមានអាយុវែងជាងកាលពីមុន?» បើលើកកាលពី ១០០ ឆ្នាំមុន អាយុរំពឹងទុករបស់មនុស្ស គឺខ្លីជាងបច្ចុប្បន្ននេះទៅទៀត ព្រោះថាបច្ចុប្បន្ន មនុស្សចេះថែទាំសុខភាព និង ញ៉ាំរបបអាហារត្រឹមត្រូវ ដូច្នេះអាយុរំពឹងទុក ក៏កើនឡើងទៅតាមនោះដែរ។
ជាក់ស្ដែង គិតត្រឹមឆ្នាំ ២០១០ អាយុជាមធ្យមរបស់មនុស្សភាគច្រើន គឺរំពឹងថា អាចរស់រានបានដល់ ៨២ ឆ្នាំ (សម្រាប់មនុស្សស្រី) និង ៧៨ ឆ្នាំ (សម្រាប់មនុស្សប្រុស)។ យ៉ាងណាមិញ ជាមួយការសិក្សាស្រាវជ្រាវថ្មីពីសំណាក់អ្នកជំនាញនៅអាមេរិក ឥលូវនេះបានរកឃើញថា ជាមួយនឹងបច្ចេកវិទ្យាជឿនលឿនលើផ្នែកឱសថ បូករួមជាមួយនឹងអាហារមានជីវជាតិល្អគ្រប់គ្រាន់ ពិតណាស់មនុស្សយើងអាចមានអាយុវែងច្រើនជាងនេះទៅទៀត៕
ប្រភព៖ BBC