ស្រឡាញ់ឆ្មាពេក យកឆ្មាទៅសាក់ដាក់ឈ្មោះហាងស្រា ត្រូវគេព្រួតរិះគន់ព្រាតថាយកសត្វទៅធ្វើបាប
បុរសជាម្ចាស់ម្នាក់នឹកឃើញអីបានយកនាំសត្វឆ្មាខ្លួនទៅសាក់ តែត្រូវមហាជនពួតគ្នារិះគន់មិនសំចៃដៃ ថាមិនចេះគិតចូលចិត្តធ្វើទារុណកម្មសត្វ។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសចិន ដែលតាមព័ត៌មានបានឱ្យដឹងថា បុរសជាម្ចាស់បាននាំយកសត្វឆ្មាចិញ្ចឹមរបស់ខ្លួន ដែលពូជសត្វឆ្មាគ្មានរោម យកទៅសាក់នៅហាងសាក់មួយកន្លែង សាក់ជាអក្សរឈ្មោះហាងស្រារបស់ខ្លួន។
ក្រោយពីសាក់ហើយរបស់ឆ្មា ម្ចាស់ក៏បានយកវីដេអូព្រមទាំងរូបភាពឆ្មាទៅបង្ហោះនៅតាមបណ្តាញសង្គមផងដែរ ហើយថែមទាំងប្រាប់ទៀតថា ខ្លួនសាក់ឱ្យឆ្មាបែបនេះ ព្រោះតែវាមើលទៅស្អាត។ យ៉ាងណាមិញ ស្រាប់តែមានមហាជនជាច្រើន ជាពិសេសអ្នកស្រឡាញ់សត្វ បានចូលមកបញ្ចេញមតិរិះគន់បុរសជាម្ចាស់ខាងលើយ៉ាងចាស់ដៃតែម្តង។
អ្នកខ្លះថា ទង្វើនេះច្បាស់ណាស់គឺជាការធ្វើទារុណកម្មសត្វ និង ការឃោសនាហាងស្រា ដែលមើលទៅពិតជាមិនគួរសមនោះទេ ស្រាប់តែម្ចាស់តបទៅវិញផាំងៗថា អ្នកណាៗក៏សាក់បាន ហេតុអ្វីឆ្មាសាក់មិនបាននោះ៕